ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ គណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា បច្ចុប្បន្ននេះ ស្រ្តីគឺជាឆ្អឹងខ្នង និងមានតួរនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍ និងរួមចំណែកដ៏សំខាន់ ក្នុងការចុះពង្រឹងការផ្សព្វផ្សាយការងារនៅតាមមូលដ្ឋាន ដើម្បីពង្រឹងសមត្ថិភាពការងារផ្សេងៗ ជួយដល់សង្គមដូចបុរសៗផងដែរ។
មានប្រសាសន៍បែបនេះ ខណៈឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នឹងជាប្រធានគណៈកម្មាធិការគណបក្សខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមបើកវគ្គបំប៉នពង្រឹងសមត្ថភាពដល់ស្រ្តី ដែលជាថ្នាក់ដឹកនាំមកពីបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តឧត្តរមានជ័យ នាថ្ងៃទី៨កុម្ភៈនេះ។
ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមទៀតថា ស្ដ្រីបានដើរតួនាទីជួយ ផ្សព្វផ្សាយបញ្ជ្រាបនូវវិស័យយេនឌ័រ និងទប់ស្កាត់នូវរាល់អំពើហិង្សាក្នុងគ្រួសារនានាដែលកើតមានឡើងនៅក្នុងសង្គមបច្ចុប្បន្នផងដែរ។
ជាមួយគ្នានោះដែរលោកជំទាវ មៀច សុធារី អគ្គលេខាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានកោតសសើរយ៉ាងខ្លាំងចំពោះបងប្អូនស្រ្តីយើងដែលកន្លងមក តែងតែខិតខំបំពេញភារកិច្ចការងារដ៏មមាញឹកទាំងការងារបក្ស និងការងារសង្គមក្នុងការងារសម្របសម្រួលផ្សេងៗ នៅតាមមូលដ្ឋានជូនពលរដ្ឋតាមគោលដៅរបស់ខ្លួន ពិសេសនោះ ជួយទប់ស្កាត់នូវរាល់បញ្ហាប្រឈមនានាពាក់ព័ន្ធនិងអំពើហិង្សាចំពោះស្រ្តីនៅក្នុងគ្រួសារបានល្អប្រសើរ នាពេលកន្លងមកនិងពេលបច្ចុប្បន្ននេះ។
លោកជំទាវ បានបន្តថា៖ ហើយអ្វីដែលសំខាន់នោះ ស្រ្តីយើងមានតួនាទីដ៏សំខាន់ក្នុងការជួយការងារបោះឆ្នោតនៅពេលខាងមុខនេះ ដើម្បីជ្រើសរើសសមាជិកជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រុងស្រុក ឃុំ សង្កាត់ របស់ខេត្តនៅថ្ងៃខាងមុខទាំងអស់នេះ ហើយគឺជាអ្វីដែលស្រ្តីអាចធ្វើបាននិងជាកម្លាំងចលករដ៏សំខាន់ក្នុងជួរបក្សផងដែរ។
លោកជំទាវ បានបញ្ជាក់ថា៖ ក្នុងឱកាសនាថ្ងៃបោះឆ្នោតខាងមុខនេះស្រ្តីគ្រប់រូបគឺមានភារកិច្ចតួនាទីសំខាន់ណាស់សំរាប់បំពេញការងារសម្របសម្រួលក្នុងកិច្ចការផ្សេងៗសំរាប់សង្គមជាតិទាំងមូលព្រោះសន្លឹកឆ្នោត១ សន្លឹកគឺមានតម្លៃណាស់សំរាប់ជោគវាសនារបស់បងប្អូនក៏ដូចជាប្រទេសជាតិទាំងមូល៕អត្ថបទ៖ ឃិន សារិទ្ធ




