រដ្ឋអាជ្ញារបស់រដ្ឋនៃទីក្រុងប៉ារីស លោកស្រី Laure Beccuau បាននិយាយកាលពីថ្ងៃអង្គារ (២១ តុលា) ថា ក្រុមចោរដែលបានធ្វើសកម្មភាពប្លន់ទាំងថ្ងៃ នៅសារមន្ទីរ Louvre (លូវ៉ា) ដ៏ល្បីល្បាញក្នុងទីក្រុងប៉ារីស របស់បារាំង បានលួចគ្រឿងអលង្ការដែលមានតម្លៃប៉ាន់ស្មានរហូតដល់ ៨៨លានអឺរ៉ូ ឬប្រមាណជា ១០២,៦៣ លានដុល្លារអាមេរិក។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ រដ្ឋអាជ្ញារូបនេះនិយាយថា "ការខូចខាតទាំងនេះជាផ្នែកសេដ្ឋកិច្ចក៏ពិតមែន ប៉ុន្តែក៏គ្មានអ្វីប្រៀបផ្ទឹមបានទៅនឹងការខូចខាតផ្នែកប្រវត្តិសាស្ត្រ ដែលបណ្តាលមកពីចោរកម្មនេះដែរ"។
ក្នុងអ្វីដែលអ្នកនយោបាយមួយចំនួនហៅថាជាភាពអាម៉ាស់របស់ជាតិ មនុស្ស ៤នាក់បានទម្លុះចូលទៅក្នុងសារមន្ទីរ Louvre កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ដោយប្រើឧបករណ៍ស្ទូចវាយកម្ទេចបង្អួចជាន់លើ ហើយចោរបានយកវត្ថុដ៏មានតម្លៃពីវិចិត្រសាលតាំងគ្រឿងអលង្ការ រួចក៏ជិះម៉ូតូគេចខ្លួនបាត់។ មន្រ្តីនិយាយថា សកម្មភាពប្លន់នេះធ្វើឡើងយ៉ាងស្ទាត់ជំនាញ តែប៉ុន្មាននាទីប៉ុណ្ណោះ។
ដំបូងឡើយ វត្ថុសរុបចំនួន ៩យ៉ាង ត្រូវបានក្រុមឧក្រិដ្ឋជនកំណត់មុខសញ្ញា ប៉ុន្តែមានតែវត្ថុ ៨យ៉ាងប៉ុណ្ណោះ ត្រូវបានលួចពិតប្រាកដ។ គ្រឿងអលង្ការទាំង ៨យ៉ាងនោះ រួមមានមកុដ និងក្រវិលដ៏មានតម្លៃ មកពីឈុតអលង្ការរបស់ព្រះមហាក្សត្រិយានី ២អង្គនៅដើមសតវត្សទី១៩។ វត្ថុទី៩ គឺមកុដរបស់រាជនី Eugenie ដែលជាមហេសីរបស់ស្ដេចណាប៉ូលេអុងទី៣ ត្រូវបានគេរកឃើញនៅខាងក្រៅសារមន្ទីរ ដែលទំនងជាចោរធ្វើឱ្យជ្រុះ ក្នុងអំឡុងពេលរត់គេចខ្លួន៕

