រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារ (២១ តុលា) ថា សំណើរបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ "បទឈប់បាញ់ជាបន្ទាន់" រវាងរុស្ស៊ី និងអ៊ុយក្រែន គឺផ្ទុយទៅនឹងអ្វីដែលបានព្រមព្រៀងគ្នានៅកិច្ចប្រជុំកំពូលមេដឹកនាំ Trump-Putin ក្នុងរដ្ឋអាឡាស្កា របស់អាមេរិក កាលពីខែសីហា។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន លោក Trump បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកសម្រាប់បទឈប់បាញ់ជាបន្ទាន់ក្នុងសមរភូមិបច្ចុប្បន្ននៃជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី-អ៊ុយក្រែន ដោយនិយាយថា "គួរតែបញ្ឈប់នៅកន្លែងបច្ចុប្បន្ន ហើយអនុញ្ញាតឱ្យភាគីទាំងសងខាងអះអាងជ័យជម្នះ"។ ក្រោយមកផែនការជំនួបកំពូលលើកទីពីររវាងលោក Trump-Putin នៅហុងគ្រី ត្រូវបានផ្អាក បន្ទាប់ពីសេតវិមាន និយាយថា រុស្ស៊ី មិនព្រមធ្វើបទឈប់បាញ់។

លោក Lavrov បាននិយាយថា លោកជឿថា ការទាមទាររបស់លោក Trump ហាក់មិនយកចិត្តទុកដាក់ចំពោះមូលហេតុឬសគល់នៃជម្លោះទេ ហើយផ្ទុយទៅនឹងការយោគយល់ពីមុនដែលបានកើតឡើងរវាងលោក និងលោកប្រធានាធិបតី Putin ដោយសង្កត់ធ្ងន់ថា គោលដៅយោធារបស់រុស្ស៊ី កំពុងត្រូវបានសម្រេចជាបណ្តើរៗហើយ។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយកាលពីថ្ងៃអង្គារ មេដឹកនាំអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសម្តែងការគាំទ្រចំពោះសំណើរបស់លោក Trump ដែលថា "ការប្រយុទ្ធគួរតែបញ្ឈប់ជាបន្ទាន់ ហើយសមរភូមិបច្ចុប្បន្ន គួរតែជាចំណុចចាប់ផ្តើមនៃការចរចា"៕

