ដើម្បីពង្រឹងអំណាចដែនអាកាសរបស់ខ្លួន ប្រទេសទួរគី បានស្នើទៅកាន់ដៃគូអឺរ៉ុប និងសហរដ្ឋអាមេរិក នូវមធ្យោបាយជាច្រើនដើម្បីអាចទទួលបានយន្តហោះចម្បាំងទំនើបៗឆាប់រហ័ស ខណៈទីក្រុងអង់ការ៉ា កំពុងស្វះស្វែងបង្កើនឥទ្ធិពលឱ្យលើសគូប្រជែងរបស់ខ្លួនក្នុងតំបន់ ដូចជាអ៊ីស្រាអែលជាដើម នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានរ៉យទ័រ។
សេចក្ដីរាយការណ៍បន្តថា ប្រទេសសមាជិកណាតូ ទួរគី ដែលមានយោធាធំជាងគេទីពីររួចទៅហើយរបស់សម្ព័ន្ធយោធានេះ មានបំណងប្រើប្រាស់ទំនាក់ទំនងដ៏ល្អជាច្រើនឆ្នាំជាមួយលោកខាងលិច ដើម្បីបំពាក់បន្ថែមឱ្យកងកម្លាំងដ៏ចំណាស់របស់ខ្លួននូវយន្តហោះចម្បាំង Eurofighter Typhoon ចំនួន ៤០គ្រឿងបន្ថែមទៀត ដែលខ្លួនចុះកិច្ចព្រមព្រៀងបឋមមួយក្នុងខែកក្កដា ហើយក្រោយមកទៀត ក៏ចង់ទិញយន្តហោះ F-35 របស់អាមេរិកផងដែរ បើទោះបីជាមានឧបសគ្គមួយចំនួនក៏ដោយ។

អ៊ីស្រាអែល - ដែលមានយោធាជឿនលឿនបំផុតនៅមជ្ឈិមបូព៌ា ជាមួយនឹងយន្តហោះចម្បាំង F-15, F-16 និង F-35 រាប់រយគ្រឿង ផ្គត់ផ្គង់ដោយអាមេរិក - បានបើកប្រតិបត្តិការយោធាផ្លូវអាកាសលើប្រទេសជិតខាងរបស់ទួរគី គឺអ៊ីរ៉ង់ និងស៊ីរី ក៏ដូចជាលើលីបង់ និងកាតា ផងដែរ ជាអ្វីដែលធ្វើឱ្យទីក្រុងអង់ការ៉ា មិនសប្បាយចិត្តនោះទេកាលពីឆ្នាំមុន។
ក្រុមមន្ត្រីទួរគីបាននិយាយថា ការវាយប្រហារទាំងនេះបង្ហាញពីភាពងាយរងគ្រោះសំខាន់ៗ ដែលត្រូវការពង្រឹងអំណាចផ្លូវអាកាសឱ្យបានឆាប់ ដើម្បីទប់ទល់ការគំរាមកំហែងដែលអាចកើតមាន និងមិនត្រូវទុកឱ្យដែនអាកាសក្លាយជាចំណុចខ្សោយឡើយ។ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានរិះគន់ខ្លាំងៗចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា និងកន្លែងផ្សេងទៀតនៅមជ្ឈិមបូព៌ា ហើយបច្ចុប្បន្ន ទំនាក់ទំនងដែលធ្លាប់តែកក់ក្តៅរវាងប្រទេសទាំងពីរ បានធ្លាក់ដល់កម្រិតទាបថ្មីមួយ៕


