លោក Sergei Naryshkin នាយកចារកម្មបរទេស (SVR) របស់រុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយលើគេហទំព័ររបស់ទីភ្នាក់ងារចារកម្មសម្ងាត់នេះ កាលពីថ្ងៃចន្ទ (២០ តុលា) កន្លងទៅថា ប្រទេសអឺរ៉ុប ដែលជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ឬហៅថា សម្ព័ន្ធយោធាណាតូ កំពុងតែកៀងគរធនធានយ៉ាងឆាប់រហ័សសម្រាប់ធ្វើសង្រ្គាមជាមួយរុស្ស៊ី។
ក្នុងកិច្ចប្រជុំមួយធ្វើឡើងនៅប្រទេសអ៊ូសបេគីស្ថាន លោក Naryshkin បានលើកឡើងថា៖ "រុស្ស៊ីប្រាកដណាស់ថាបានមើលឃើញសមាជិកអឺរ៉ុបនៃអង្គការណាតូ កំពុងរៀបចំធ្វើសង្រ្គាមជាមួយរុស្ស៊ី។ ភារកិច្ចនេះត្រូវបានដាក់ចេញយ៉ាងរហ័សឱ្យដល់កងកម្លាំងឆ្លើយតបរបស់សម្ព័ន្ធណាតូ សម្រាប់គោលបំណងមួយនេះ ជាមួយនឹងធនធានចាំបាច់ទាំងអស់"។

លោកបន្តថា រដ្ឋនៅអឺរ៉ុប កំពុងពង្រីកឧស្សាហកម្មការពារជាតិរបស់ពួកគេ ដោយធ្វើសមយុទ្ធចល័តកម្លាំងជាប្រចាំ និងបង្កើននូវអ្វីដែលលោកពិពណ៌នាថាជា "ការឃោសនា" នៃការគំរាមកំហែងដ៏មានសក្តានុពលរបស់រុស្ស៊ី។ លោក Naryshkin បាននិយាយទៀតថា បណ្តាប្រទេសជាសមាជិកណាតូអឺរ៉ុប មិនមានផែនការរយៈពេលវែងសម្រាប់រក្សាសន្តិសុខនៃទ្វីបនេះទេ ហើយបានចោទបារាំង និងអាល្លឺម៉ង់ ថាជំរុញ "គំនិតភ័យខ្លាចប្រឆាំងនឹងរុស្ស៊ី"។
អង្គការណាតូ និងរដ្ឋាភិបាលអឺរ៉ុប បាននិយាយយ៉ាងជាប់លាប់ថា គំនិតផ្តួចផ្តើមផ្នែកការពាររបស់ពួកគេគឺជាវិធានការប្រុងប្រយ័ត្នទុកជាមុនយ៉ាងតឹងរ៉ឹង និងត្រូវបានរៀបចំឡើងដើម្បីពង្រឹងសន្តិសុខបែបសមូហភាពរបស់ទី្វប ក្នុងការឆ្លើយតបទៅនឹងប្រតិតបត្តិការយោធាពិសេសរបស់រុស្ស៊ី លើអ៊ុយក្រែន៕

