ក្រសួងការបរទេសបានឲ្យដឹងថា អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២១ ខែតុលា) បានអំពាវនាវឲ្យទីក្រុងបាកដាដរំសាយអាវុធកងជីវពលគាំទ្រដោយអ៊ីរ៉ង់ដែលកំពុងធ្វើឲ្យអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់។
ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងការសន្ទនាតាមទូរសព្ទ រវាងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani។
ក្រសួងការបរទេសបានឲ្យដឹងថា៖ «លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពបន្ទាន់ចាំបាច់ ក្នុងការដកហូតអាវុធរបស់កងជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងធ្វើឲ្យប៉ះពាល់អធិបតេយ្យភាពរបស់អ៊ីរ៉ាក់ គំរាមកំហែងដល់អាយុជីវិត និងអាជីវកម្មរបស់ជនជាតិអាមេរិក និងអ៊ីរ៉ាក់ និងលួចលាក់ធនធានអ៊ីរ៉ាក់ ដើម្បីអ៊ីរ៉ង់»។

ការសន្ទនាតាមទូរសព្ទនៅថ្ងៃអង្គារនោះ ក៏បានលើកឡើងផងដែរនូវកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ កាលពីដើមសប្តាហ៍នេះ លោក Sudani បាននិយាយថា ប្រទេសរបស់លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន LNG (ឧស្ម័នធម្មជាតិរាវ) ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក គឺ Excelerate Energy ដើម្បីផ្គត់ផ្គង់ឧស្ម័នអាមេរិកដល់អ៊ីរ៉ាក់។
ហើយជាមួយគ្នានេះ លោក Rubio ក៏បានអបអរសាទរផងដែរដល់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ ដែលបានចាប់ផ្ដើមឡើងវិញនូវការនាំចេញប្រេងតាមរយៈបំពង់បង្ហូរអ៊ីរ៉ាក់-ទួរគី៕

