នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅថ្ងៃពុធ (ទី២២ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ការរៀបចំត្រៀម សម្រាប់កិច្ចប្រជុំ នៅទីក្រុង Budapest រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅតែបន្តមានដដែល។
គួរបញ្ជាក់ថា កិច្ចប្រជុំដែលបានគ្រោងទុកនេះ ត្រូវបានផ្អាក ដោយសារការបដិសេធរបស់ទីក្រុងមូស្គូឲ្យមានបទឈប់បាញ់ភ្លាមៗ នៅអ៊ុយក្រែន បានបង្កជាភាពមិនច្បាស់លាស់ ជុំវិញការប៉ុនប៉ងបង្កើតការចរចា។

យ៉ាងណាក្ដី លោក Orban បានសរសេរនៅលើបណ្ដាញសង្គម Facebook ថា៖ «រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto កំពុងស្ថិតនៅទីក្រុងវ៉ាស៊ីនតោន។ ការរៀបចំត្រៀម សម្រាប់កិច្ចប្រជុំកំពូលសន្តិភាព កំពុងបន្តមាន។ កាលបរិច្ឆេទនៅតែមិនច្បាស់លាស់។ នៅពេលដែលពេលវេលាមកដល់ យើងនឹងរៀបចំវា»។
លោក Trump ធ្លាប់បានប្រកាសកាលពីសប្តាហ៍មុនថា លោក និងលោក Putin នឹងជួបគ្នាឆាប់ៗនេះ នៅក្នុងប្រទេសហុងគ្រី ដើម្បីព្យាយាមបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។
កាលពីថ្ងៃអង្គារ មេដឹកនាំអាមេរិកបានបញ្ជាក់ថា លោកមិនចង់ឲ្យមាន «កិច្ចប្រជុំខ្ជះខ្ជាយពេលវេលា» ឡើយ ប៉ុន្តែបានលើកឡើងថា អាចមានការវិវត្តបន្ថែមទៀត ហើយថា «យើងនឹងជូនដំណឹង ក្នុងរយៈពេល ២ថ្ងៃខាងមុខ»៕
