ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី២២ ខែតុលា) នេះ បានរាយការណ៍ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ នេះ មានការចាប់ជំរិតជនជាតិកូរ៉េខាងត្បូងចំនួន ១១ករណីយ៉ាងតិច នៅក្នុងប្រទេសថៃ។
យោងតាមអង្គភាពសារព័ត៌មានកូរ៉េខាងត្បូង The Korea Economic Daily ចំនួននៃរបាយការណ៍ចាប់ជំរិត នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានឡើងពីកម្រិតសូន្យ ក្នុងឆ្នាំ២០២១ ដល់ ១ករណី នៅឆ្នាំ២០២២ និង ៥ករណី ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤។

របាយការណ៍នេះ ត្រូវបានផ្អែកលើទិន្នន័យរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង ដែលបានដាក់ជូនទៅតំណាងរាស្ត្រ លោក Kim Geon របស់គណបក្សប្រឆាំងដ៏ធំ គឺគណបក្សអំណាចប្រជាជន (PPP)។
ប្រទេសថៃបានកត់ត្រាការកើនឡើងនូវចំនួនឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងជនរងគ្រោះ ឬជនល្មើសរបស់កូរ៉េខាងត្បូង។ ក្នុងឆ្នាំ២០២៤ អ្នកទេសចរកូរ៉េខាងត្បូងអាយុ ៣៤ឆ្នាំម្នាក់ ត្រូវបានចាប់ជំរិត និងសម្លាប់ នៅប្រទេសថៃ ដោយបុរសកូរ៉េខាងត្បូង ៣នាក់។
កាលពីខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយ នៅទីក្រុងបាងកក បានរាយការណ៍ថា ក្រុមឧក្រិដ្ឋកម្មជនជាតិកូរ៉េខាងត្បូង ២០នាក់ និងជនជាតិចិនម្នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងខេត្ត Chon Buri របស់ថៃ៕
