មេដឹកនាំអឺរ៉ុប និងអ៊ុយក្រែន បានប្រឆាំងចំពោះការផ្លាស់ប្តូរព្រំដែនដោយប្រើប្រាស់កម្លាំង ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump អំពាវនាវឱ្យមានបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន នៅលើខ្សែបន្ទាត់ជួរមុខពេលបច្ចុប្បន្ន។ មេដឹកនាំអឺរ៉ុបចំនួន៨ប្រទេស រួមជាមួយប្រមុខសហភាពអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ។

សេចក្តីថ្លែងការណ៍បានបង្ហាញការគាំទ្រចំពោះ «ជំហររបស់លោកប្រធានាធិបតី Trump ថា ការប្រយុទ្ធគួរតែបញ្ឈប់ភ្លាមៗ ហើយខ្សែបន្ទាត់បច្ចុប្បន្នគួរតែជាចំណុចចាប់ផ្តើមនៃការចរចា»។ សេចក្តីថ្លែងការណ៍និយាយផងដែរថា «យើងនៅតែប្តេជ្ញាចិត្តចំពោះគោលការណ៍ដែលព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំង»។
មេដឹកនាំអ៊ុយក្រែន និងសហភាពអឺរ៉ុប បានចោទប្រកាន់ទីក្រុងមូស្គូពីការធ្វើឲ្យជាប់គាំងការចរចា ហើយបានបញ្ជាក់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនសម្ពាធលើប្រទេសរុស្ស៊ី។
សារព័ត៌មានអាមេរិកឈានមុខមួយបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទាមទារក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោក Trump កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា អ៊ុយក្រែនត្រូវប្រគល់ការគ្រប់គ្រងទាំងស្រុងលើតំបន់ភាគខាងកើតនៃទីក្រុង Donetsk ជាលក្ខខណ្ឌសម្រាប់ការបញ្ចប់ការប្រយុទ្ធគ្នា។
