ឪពុកម្តាយរបស់ លោក Allah Meer ស្ថិតក្នុងចំណោមពលរដ្ឋអាហ្វហ្គានីស្ថានរាប់លាននាក់ដែលបានភៀសខ្លួនចេញពីប្រទេសរបស់ខ្លួនបន្ទាប់ពីសហភាពសូវៀតបានឈ្លានពានប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ១៩៧៩ ។ គ្រួសាររបស់លោក បានតាំងលំនៅនៅក្នុងភូមិជនភៀសខ្លួន Kohat ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ជាកន្លែងដែលលោក Meer បានកើត ដែលបច្ចុប្បន្នលោកមានអាយុ៤៥ឆ្នាំ។

ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ខណៈប៉ាគីស្ថានមានចំណាត់ការបញ្ជូនជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់សែននាក់ត្រឡប់ទៅវិញ ក្រុមគ្រួសារជាច្រើនមានការព្រួយបារម្ភចំពោះអនាគតរបស់ខ្លួន ហើយកាលពីសប្តាហ៍មុន ការគំរាមកំហែងបណ្តេញចេញបានកើតឡើង ខណៈប្រទេសប៉ាគីស្ថាន បានប្រកាសថាខ្លួននឹងបិទភូមិជនភៀសខ្លួនអាហ្វហ្គានីស្ថានទាំង៥៤ភូមិនៅទូទាំងប្រទេស ជាផ្នែកនៃយុទ្ធនាការដែលខ្លួនបានចាប់ផ្តើមនៅឆ្នាំ២០២៣ ដើម្បីរុញចេញនូវអ្វីដែលខ្លួនហៅថា «ជនបរទេសរស់នៅដោយខុសច្បាប់»។ ក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប៉ាគីស្ថាន និងក្រុមតាលីបង់ ដែលបានវិលត្រឡប់មកគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានវិញក្នុងឆ្នាំ២០២១ គ្រួសារជាច្រើនបានជាប់ខ្លួននៅក្នុងភាពមិនច្បាស់លាស់។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នៅតាមបណ្តោយព្រំដែនកាលពីដើមខែតុលា ដោយជំរុញឱ្យទំនាក់ទំនងដែលកំពុងតានតឹងស្រាប់រួចទៅហើយនោះ ក្លាយទៅជាអរិភាពដោយបើកចំហ។ ក្រុមមន្ត្រីនៃភាគីទាំងពីរបានជួបប្រជុំគ្នានៅរដ្ឋធានី Doha របស់ប្រទេសកាតា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយជុំបន្ទាប់នៃចរចាគ្រោងនឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃទី២៥ ខែតុលា។
