សារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានបើកដំណើរការឡើងវិញហើយ ពោលគឺរយៈពេល ៣ថ្ងៃបន្ទាប់ពីគ្រឿងអលង្ការមានតម្លៃ ៨៨លានអឺរ៉ូ (១០២លានដុល្លារ) ត្រូវបានយកទៅបាត់ អំឡុងពេលមានអំពើចោរកម្មកណ្ដាលថ្ងៃចែស។
អ្នកទស្សនាត្រូវបានស្វាគមន៍ជាថ្មី នៅសារមន្ទីរ Louvre ចាប់ពីម៉ោង ៩:០០ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង៧:០០ ម៉ោងសកល) នៅថ្ងៃពុធ (ទី២២ ខែតុលា) នេះ ប៉ុន្តែសារមន្ទីរបានឲ្យដឹងថា វិចិត្រសាល Apollo របស់ខ្លួន ជាកន្លែងដែលអំពើលួចប្លន់ បានកើតឡើង នៅតែបិទដដែល។

គួរបញ្ជាក់ថា ក្រុមចោរដែលប្រើប្រាស់ឧបករណ៍ស្វានអគ្គិសនី បានចំណាយពេលមិនដល់ ៨នាទីនោះឡើយ ក្នុងការចូលទៅក្នុងសារមន្ទីរដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក ហើយបានគេចខ្លួនជាមួយនឹងរបស់មានតម្លៃមហាសាលនោះតាមម៉ូតូ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។ ពួកគេមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។
ស្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងថា ប្រធានាធិបតី លោក Emmanuel Macron បានជំរុញឲ្យរដ្ឋមន្ត្រីនានាពន្លឿនដាក់ចេញនូវវិធានការសន្តិសុខ នៅឯសារមន្ទីរ Louvre នៅពេលដែលវាបើកដំណើរការឡើងវិញ។
នាយកសារមន្ទីរ លោកស្រី Laurence des Cars គ្រោងនឹងបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការវប្បធម៌របស់ព្រឹទ្ធសភាបារាំង នៅរសៀលថ្ងៃពុធនេះ។ លោកស្រីមិនទាន់បាននិយាយជាសាធារណៈនៅឡើយទេ អំពីអំពើប្លន់ដែលលោក Macron បានចាត់ទុកថា ជាការវាយប្រហារលើបេតិកភណ្ឌរបស់ប្រទេស។
របាយការណ៍បឋមបានរកឃើញថា បន្ទប់មួយក្នុងចំណោមបន្ទប់ ៣ នៅក្នុងសារមន្ទីរ Louvre ខ្វះ CCTV (កាម៉ារ៉ាសុវត្ថិភាព) ហើយប្រព័ន្ធរោទិ៍ដ៏ធំរបស់វា មិនធ្វើការឡើយ។ វិធានការសន្តិសុខត្រូវបានរឹតបន្តឹងនៅតាមស្ថាប័នវប្បធម៌ នៅទូទាំងប្រទេសបារាំង ដោយសារតែហេតុការណ៍នេះ៕

