ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃពុធ (ទី២២ ខែតុលា) នេះថា ការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យអ៊ុយក្រែន និងរុស្ស៊ីបញ្ឈប់នៅត្រឹមតំបន់ជួរមុខបច្ចុប្បន្ន គឺជា «ដំណោះស្រាយសម្របសម្រួលដ៏ល្អ»។

ប៉ុន្តែលោក Zelenskyy ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសតំបន់អឺរ៉ុបខាងជើង បានបញ្ជាក់ថា លោកមិនច្បាស់ថា តើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងគាំទ្រវាដែរ ឬអត់។ ហើយយោងតាមទីភ្នាក់ងារសារព័ត៌មានមួយទៀត បានឲ្យដឹងថា លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មានថា៖ «លោក Trump បានស្នើឲ្យឈប់ត្រឹមកន្លែងដែលយើងឈរជើង ហើយចាប់ផ្តើមការសន្ទនា។ ខ្ញុំគិតថា វាជាដំណោះស្រាយសម្របសម្រួលដ៏ល្អ ប៉ុន្តែខ្ញុំមិនប្រាកដថា តើលោក Putin នឹងគាំទ្រវាដែរ ឬអត់នោះទេ ហើយខ្ញុំបាននិយាយទៅកាន់ប្រធានាធិបតី (សហរដ្ឋអាមេរិក)»។
ការលើកឡើងនេះ កើតមាននៅពេលដែលផែនការរៀបចំកិច្ចប្រជុំកំពូល រវាងលោក Trump និងលោក Putin នៅទីក្រុង Budapest ប្រទេសហុងគ្រី ត្រូវបានផ្អាក ខណៈដែលមានសេចក្ដីរាយការណ៍ថា អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានជួបជុំគ្នា ដើម្បីជំរុញឲ្យមានបទឈប់បាញ់ដោយគ្មានការធ្វើសម្បទានដែនដីពីទីក្រុងគីវ។
តែយ៉ាងណាក្ដី រុស្ស៊ីបានឲ្យដឹងនៅថ្ងៃពុធនេះថា ការរៀបចំត្រៀម សម្រាប់ជំនួបកំពូលប្រធានាធិបតី រវាងលោក Putin និងលោក Trump នៅតែបន្តមាន៕
