នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃពុធ (ទី២២ ខែតុលា) នេះ បានព្រលយសម្ដីពីការប្រឆាំងរបស់លោក ចំពោះការមានតួនាទីណាមួយរបស់កងកម្លាំងសន្តិសុខទួរគី នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលជាផ្នែកមួយនៃបេសកកម្ម ដើម្បីតាមដានបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
អំឡុងពេលថ្លែងនៅឯទីក្រុងហ្សេរុយសាឡឹម រួមជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ដែលកំពុងបំពេញទស្សនកិច្ចនោះ លោក Netanyahu បានលើកឡើងថា ពួកលោកបានពិភាក្សាអំពី «ថ្ងៃក្រោយសង្គ្រាម» សម្រាប់តំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងអ្នកដែលអាចផ្តល់សន្តិសុខដល់ដែនដីដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ២ឆ្នាំនេះផងដែរ។

លោក Vance ដែលបាននិយាយកាលពីថ្ងៃអង្គារថា ផែនការបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងដំណើរការល្អជាងការរំពឹងទុកនោះ បានរំលឹកឡើងវិញនូវការមានសុទិដ្ឋិនិយមរបស់លោក។ លោកបាននិយាយថា៖ «ខ្ញុំមិនដែលនិយាយថា វាគឺងាយស្រួលនោះឡើយ។ ប៉ុន្តែអ្វីដែលខ្ញុំមានសុទិដ្ឋិនិយម គឺថា បទឈប់បាញ់នឹងមានធរមាន ហើយថា យើងអាចកសាងអនាគតដ៏ល្អប្រសើរជាមុន នៅតំបន់មជ្ឈិមបូព៌ាទាំងមូល»។
ដោយទទួលបានបទឈប់បាញ់ អ្នកសម្រុះសម្រួលត្រូវបានផ្តោតលើដំណាក់កាលទី២ នៃផែនការហ្កាហ្សារបស់លោក Trump ដែលទាមទារឲ្យក្រុមហាម៉ាសរំសាយអាវុធ និងរៀបចំជាមុន អំពីការដាក់ពង្រាយកងកម្លាំងស្ថិរភាពអន្តរជាតិ ដែលនឹងបណ្តុះបណ្តាល និងគាំទ្រនគបាលប៉ាឡេស្ទីន ដោយត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន។
ដោយឆ្លើយតបទៅនឹងសំណួរ អំពីគំនិតមានកងកម្លាំងសន្តិសុខទួរគី នៅតំបន់ហ្កាហ្សា លោក Netanyahu បានបញ្ជាក់ថា៖ «យើងនឹងសម្រេចចិត្តរួមគ្នា អំពីរឿងនោះ។ ដូច្នេះ ខ្ញុំមានការយល់ឃើញប្រាកដប្រជា អំពីរឿងនោះ។ សូមសាកទាយមើលថា តើពួកគេជាអ្វី?»។
ដោយធ្លាប់មានទំនាក់ទំនងកក់ក្តៅ សមាជិកអង្គការណាតូ គឺទួរគី និងអ៊ីស្រាអែល បានជួបនឹងភាពអាប់អួកម្រិតទាបថ្មី អំឡុងសង្រ្គាម នៅតំបន់ហ្កាហ្សា ដោយប្រធានាធិបតីទួរគី លោក Tayyip Erdogan បានរិះគន់ខ្លាំងៗឥតសំចៃ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើដែនដីនេះ និងកន្លែងផ្សេងទៀត នៅតំបន់មជ្ឈិមបូព៌ា៕


