ប្រធានាធិបតី លោក Vladimir Putin នៅថ្ងៃពុធ (ទី២២ ខែតុលា) នេះ បានត្រួតពិនិត្យការសាកល្បងរបស់កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ទាំងនៅលើគោក ទឹក និងអាកាស ដើម្បីហាត់សមត្រៀមលក្ខណៈ និងរចនាសម្ព័ន្ធបញ្ជារបស់អាវុធទាំងនោះ។
ការធ្វើតេស្តនេះ រួមមានការបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប «Yars» ពីទីតាំងបាញ់លើដី ការបាញ់មីស៊ីលបាលីស្ទិក «Sineva» ពីនាវាមុជទឹកនុយក្លេអ៊ែរ នៅសមុទ្រ Barents និងការបាញ់មីស៊ីលតម្រង់គោលដៅបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។

គួរបញ្ជាក់ថា រុស្ស៊ីធ្វើសមយុទ្ធកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនជាទៀងទាត់ ដើម្បីធ្វើឲ្យអាវុធទាំងនោះធ្វើការបានយ៉ាងលឿនរហ័ស និងដើម្បីដាស់តឿនដល់សត្រូវថា ខ្លួនមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ក្នុងអំឡុងពេលកើនឡើងនូវភាពតានតឹងលោកខាងកើត-លោកខាងលិច។
វិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សមយុទ្ធនេះបានសាកល្បងកម្រិតនៃការត្រៀមលក្ខណៈរបស់បញ្ជាការយោធា និងជំនាញជាក់ស្តែងរបស់បុគ្គលិកប្រតិបត្តិការ ក្នុងការរៀបចំការគ្រប់គ្រងកងកម្លាំងក្រោមបង្គាប់។ ការហាត់សមទាំងអស់ត្រូវបានបញ្ចប់សព្វគ្រប់»។
ចំណែកអង្គការណាតូ (NATO) បានចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន កាលពីដើមខែនេះ ដោយយន្តហោះចម្បាំង F-35A និងយន្តហោះទម្លាក់គ្រាប់បែក B-52 ស្ថិតនៅក្នុងចំណោមយន្តហោះប្រហែល ៦០គ្រឿង មកពីប្រទេសចំនួន ១៣ ដែលចូលរួមក្នុងសមយុទ្ធ Steadfast Noon រៀបចំដោយបែលហ្ស៊ិក និងហូឡង់៕
