ភ្នំពេញ៖ តម្លៃផលិតផលវិស័យឧស្សាហកម្ម មានសរុបប្រមាណជា ៧ ៤៣៣ លានដុល្លារអាមេរិក ក្នុងនោះតម្លៃផលិតផលបម្រើទីផ្សារក្នុងស្រុក មានជាង ១ ៩៧៧ លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលនាំចេញមានចំនួនជាង ៥ ៤៥៦ លានដុល្លារអាមេរិក។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើក ឡើងនៅក្នុងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២២ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៧ ខែកុម្ភៈនេះថា ក្រសួងបាន បន្តផ្តោតការយកចិត្តទុកដាក់លើការចូលរួមអនុវត្តផែនការសកម្មភាព គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ តាមដំណាក់កាល និងពេលវេលានីមួយៗ ក្នុងចង្កោមការងាររបស់ខ្លួនប្រកបដោយផ្លែផ្កា ទោះបីឆ្លងកាត់រលកនៃផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ។
វិស័យឧស្សាហកម្មបានរួមចំណែកដល់ការអភិវឌ្ឍ ការទ្រទ្រង់និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន ការបង្កើតការងារ ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច និងការបង្កើនប្រាក់ចំណូលសមរម្យជូនប្រជាជនកម្ពុជា។
ជាក់ស្តែងក្នុងឆ្នាំ ២០២១ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការ មានចំនួន ១ ៨៧៩ រោងចក្រ មានទុនវិនិយោគសរុបជាង ១៣ ៨១១ លានដុល្លារអាមេរិក មានការកើនឡើងជាង ២៥៦ លានដុល្លារអាមេរិក ស្មើជិត ២% ដោយបានផ្តល់ឱកាសការងារចំនួន ៩៨ ម៉ឺនកន្លែង។
ដោយមានតម្លៃផលិតផលសរុបប្រមាណជា ៧ ៤៣៣ លានដុល្លារអាមេរិក ទាបជាងឆ្នាំមុន ប្រមាណ ១៥%, ក្នុងនោះតម្លៃបរិមាណផលិត ផលបម្រើទីផ្សារក្នុងស្រុក។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បញ្ជាក់ថា ជុំវិញការរក្សាបានចំនួនរោងចក្រខាងលើ គឺបានកើតចេញសុខសន្តិភាព រួមជាមួយការ កំណែទម្រង់បរិយាកាសវិនិយោគ និងធុរកិច្ចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទំនុកចិត្តនិងបរិស្ថានសមស្របដល់វិនិយោគិន ធុរជន ក្នុងនិងក្រៅប្រទេស ឱ្យបន្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។
ក្នុងឆ្នាំ ២០២១ នេះ មានរោងចក្រថ្មី កើតឡើងចំនួន ១៦៣ រោងចក្រ ខណៈដែលមានរោងចក្របិទទ្វារចំនួន ១៤៨ ។ មានន័យថា ទោះបីស្ថិតក្នុង កាលៈទេសៈលំបាក បណ្តាលមកពីជំងឺកូវីដ-១៩ ក៏ដោយ ក៏នៅមានតួលេខកំណើនវិជ្ជមាន រវាងចំនួនរោងចក្របើកថ្មី និងចំនួនបិទទ្វារ៕ អត្ថបទ៖ សុន រ៉ាឌី