សំណើក្នុងការអនុវត្តច្បាប់របស់អ៊ីស្រាអែល លើតំបន់កាន់កាប់ West Bank បានទទួលការអនុម័តបឋមពីសភារបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (២២ តុលា) នៅក្នុងជំហានមួយស្មើនឹងការដាក់បញ្ចូលជាឧបសម្ព័ន្ធនូវទឹកដីដែលប៉ាឡេស្ទីនខិតខំរក្សាទុកដើម្បីបង្កើតជារដ្ឋផ្លូវការមួយ។

ការអនុម័តនេះគឺជាលើកទីមួយក្នុងចំណោមការបោះឆ្នោត ៤លើកដែលត្រូវការ ដើម្បីអនុម័តច្បាប់នេះ ដែលកើតឡើងស្របពេលដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក JD Vance ទៅកាន់ប្រទេសអ៊ីស្រាអែល ហើយជារយៈមួយខែបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយថា លោកនឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល ដាក់បញ្ចូលតំបន់ West Bank ជាឧបសម្ព័ន្ធនោះឡើយ។

គណបក្ស Likud របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu មិនគាំទ្រច្បាប់នេះទេ ដែលដាក់ចេញដោយសមាជិកសភាខាងក្រៅក្រុមចម្រុះកំពុងកាន់អំណាច ហើយបានអនុម័តដោយការបោះឆ្នោត ២៥ទល់នឹង២៤ ក្នុងចំណោមសមាជិកសភា ១២០រូប។ សំណើទីពីរដោយគណបក្សប្រឆាំង ដែលស្នើដាក់បញ្ចូលតំបន់តាំងលំនៅ Maale Adumim បានអនុម័តដោយសំឡេងគាំទ្រ ៣១ ទល់នឹង៩។
សមាជិកនៃរដ្ឋាភិបាលចម្រុះរបស់លោក Netanyahu បានអំពាវនាវអស់ជាច្រើនឆ្នាំមកហើយថាឱ្យអ៊ីស្រាអែល ដាក់បញ្ចូលជាឧបសម្ព័ន្ធផ្លូវការនូវផ្នែកខ្លះនៃតំបន់ West Bank ដែលជាទឹកដីដែលអ៊ីស្រាអែលលើកឡើងពីទំនាក់ទំនងព្រះគម្ពីរ និងប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្លួន។

កាលឆ្នាំ២០២៤ តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន រួមទាំងតំបន់ West Bank និងតំបន់តាំងលំនៅរបស់ខ្លួននៅទីនោះ គឺជារឿងខុសច្បាប់ ហើយគួរតែត្រូវដកចេញឱ្យឆាប់តាមដែលអាចធ្វើទៅបាន៕