ប្រធានប្តូរវេនសហភាពអឺរ៉ុបរបស់ប្រទេសដាណឺម៉ាកបាននិយាយកាលពីថ្ងៃពុធ ទី២២ ខែតុលា ថា សហភាពអឺរ៉ុប បានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី១៩លើរុស្ស៊ី ជុំវិញសង្គ្រាមរបស់ប្រទេសនៅអ៊ុយក្រែន រួមទាំងការដាក់បម្រាមលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី។
ប្រធានប្តូរវេនសហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងមានក្តីរីករាយក្នុងការប្រកាសថាយើងទើបតែត្រូវបានផ្តល់ព័ត៌មានដោយរដ្ឋសមាជិកនៅសល់ថា ពេលនេះខ្លួនអាចដកចេញការត្រៀមបម្រុងរបស់ខ្លួនដើម្បីដាក់កញ្ចប់ទណ្ឌកម្មទី១៩»។
ប្រទេសស្លូវ៉ាគី គឺជាប្រទេសដែលច្រានចោលចុងក្រោយគេ បានព្រមព្រៀងលើកញ្ចប់ទណ្ទកម្មនេះ បន្ទាប់ពីទទួលបានការធានាពីគណៈកម្មការអឺរ៉ុបសម្រាប់តម្លៃថាមពលខ្ពស់ និងផលប៉ះពាល់លើក្រុមហ៊ុនផលិតរថយន្ត និងឧស្សាហកម្មធុនធ្ងន់។ ដូច្នេះ នីតិវិធីជាលាយលក្ខណ៍អក្សរសម្រាប់ការអនុម័តរបស់ក្រុមប្រឹក្សាត្រូវបានចាប់ផ្តើម។ ប្រសិនបើគ្មានការជំទាស់ទេនោះ កញ្ចប់ទណ្ទកម្មត្រូវបានអនុម័តនៅថ្ងៃនេះ។
បម្រាមឧស្ម័នធម្មជាតិរាវ(LNG) នឹងចូលជាធរមានជាពីរដំណាក់កាលមាន កិច្ចសន្យារយៈពេលខ្លីនឹងបញ្ចប់បន្ទាប់ពីរយៈពេល៦ខែ និងកិច្ចសន្យារយៈពេលវែងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។
កញ្ចប់នេះក៏បានបន្ថែមការរឹតត្បិតលើការធ្វើដំណើររបស់អ្នកការទូតរុស្ស៊ី និងដាក់ទណ្ឌកម្មលើនាវាចំនួន ១១៧គ្រឿងពី «ក្បួននាវាស្រមោល» របស់ទីក្រុងមូស្គូ ដែលភាគច្រើនជានាវាដឹកប្រេង ដែលនាំឱ្យចំនួនសរុបមានដល់៥៥៨គ្រឿង។