ប្រមុខការទូតអាមេរិក លោក Marco Rubio នឹងទៅដល់ប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ ជាមន្ត្រីចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបំពេញទស្សនកិច្ច ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។
កាលពីថ្ងៃពុធសប្ដាហ៍នេះដែរ អនុប្រធានាធិបតីលោក JD Vance បានព្រមានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានប្រឈមនឹងកិច្ចការដ៏លំបាកមួយក្នុងការរំសាយអាវុធក្រុមហាម៉ាស និងការកសាងអនាគតសន្តិភាពសម្រាប់តំបន់ហ្កាហ្សាស្ទ្រីប។
លោក Vance បានជួបនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅថ្ងៃទីពីរនៃដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដែលជាផ្នែកមួយនៃច្រកការទូតដ៏សំខាន់ក្នុងការគាំទ្រផែនការរបស់អាមេរិកដើម្បីបញ្ចប់ការប្រយុទ្ធគ្នា សង្គ្រោះចំណាប់ខ្មាំង និងនៅទីបំផុត កសាងឡើងវិញនូវទឹកដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញនេះ ។
លោក Vance បាននិយាយថា អាមេរិកមានកិច្ចការដ៏លំបាកមួយនៅចំពោះមុខ នោះគឺការរំសាយអាវុធក្រុមហាម៉ាស ប៉ុន្តែក៏ត្រូវតែកសាងតំបន់ហ្កាហ្សាឡើងវិញ ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនហ្កាហ្សាផងដែរ ជាងនេះទៅទៀត ក៏ត្រូវធានាថា ក្រុមហាម៉ាស លែងជាការគំរាមកំហែងដល់មិត្តរបស់អាមេរិក ក្នុងប្រទេសអ៊ីស្រាអែលទៀតផង។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio នឹងមកដល់ប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ ហើយនឹងជួបលោក Netanyahu នៅថ្ងៃសុក្រ៕