រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនៅតែចង់ជួបជាមួយរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីលោក Donald Trump បានដាក់ទណ្ឌកម្ម ដែលបានពិភាក្សាជាយូរមកហើយជុំវិញការឈ្លានពានអ៊ុយក្រែន។

លោក Rubio បានប្រាប់អ្នកយកព័ត៌មានថា ពួកលោកនៅតែចង់ជួបជាមួយរុស្ស៊ី។អាមេរិកតែងតែចាប់អារម្មណ៍ក្នុងការចូលរួម ប្រសិនបើមានឱកាសដើម្បីសម្រេចបានសន្តិភាព។
ចំណែកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយកាលពីថ្ងៃពុធដែរថា ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិករបស់លោក Donald Trump កំពុងត្រូវបានរៀបចំឡើង ដោយគ្មានឧបសគ្គធំដុំណាមួយឡើយ។

លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា ពួកលោកសូមបញ្ជាក់ថាការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅតែបន្ត។លោកពុំបានមើលឃើញមានឧបសគ្គអ្វីសំខាន់ទេ។
ជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថាទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានផ្លាស់ប្តូរឯកសារស្តីពីអ៊ុយក្រែនក្នុងទម្រង់មិនមែនជាឯកសារ (កំណត់ការទូតបិទ) លោក Ryabkov បាននិយាយថា លោកមិនអាចបញ្ជាក់បានទេ ថាការផ្លាស់ប្តូរបែបនេះបានកើតឡើង។
ថ្លែងជាមួយប្រមុខអង្គការណាតូលោក Rutte នៅការិយាល័យប្រធានាធិបតី Oval Office កាលពីថ្ងៃពុធ លោក Trump បានរិះគន់លោក Putinចំពោះការដែលមិនយកចិត្តទុកដាក់ឲ្យបានខ្លាំងលើការបង្កើតសន្តិភាព ហើយលោកសង្ឃឹមថា ទណ្ឌកម្មនឹងជួយជំរុញឲ្យមានវឌ្ឍនភាពឆ្ពោះទៅបញ្ចប់សង្គ្រាមអ៊ុយក្រែន៕