រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi បានបញ្ជាក់ឡើងវិញកាលពីថ្ងៃពុធ (២២ តុលា) ថា អ៊ីរ៉ង់នឹងមិនវិលត្រឡប់ទៅរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិកវិញទេ ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែធ្វើ "ការទាមទារដែលមិនសមហេតុផល" នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។

ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានចូលរួមក្នុងការចរចានុយក្លេអ៊ែរដោយប្រយោលចំនួន ៥ជុំមកហើយ ប៉ុន្តែបានបញ្ចប់ទៅវិញដោយសារសង្គ្រាមផ្លូវអាកាសរយៈពេល ១២ថ្ងៃនៅក្នុងខែមិថុនា ដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។
សារព័ត៌មាន Tasnim បានរាយការណ៍ដោយស្រង់សម្ដីលោក Araqchi ថា "កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ក៏ដូចជាការចរចានៅទីក្រុងញូវយ៉ក ត្រូវបានផ្អាក និងមិនដំណើរការទៅមុខទេ ដោយសារតែការទាមទាររបស់សហរដ្ឋអាមេរិក ច្រើនហួសហេតុពេក"។
កាលពីខែមុន ប្រភពផ្ទៃក្នុងរបស់អ៊ីរ៉ង់ បាននិយាយថា "សារជាច្រើនត្រូវបញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន សម្រាប់ការបន្តកិច្ចចរចា តាមរយៈអ្នកសម្របសម្រួលក្នុងសប្តាហ៍កន្លងទៅ ប៉ុន្តែភាគីអាមេរិកមិនឆ្លើយតបទេ"។ កាលពីដើមខែតុលានេះ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ និយាយថា ក្រុមមន្ត្រីអាមេរិក ក៏មិនចូលរួមកិច្ចប្រជុំដែលស្នើឡើងដោយអ៊ីរ៉ង់ដែរ នៅទីក្រុងញូវយ៉ក អំឡុងមហាសន្និបាត UNGA។
គួរឱ្យដឹងថា អាមេរិក សម្ព័ន្ធមិត្តអឺរ៉ុប និងអ៊ីស្រាអែល បានចោទទីក្រុងតេអេរ៉ង់ថា បានប្រើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាការលាក់បាំងដល់កិច្ចប្រឹងប្រែងអភិវឌ្ឍសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់និយាយម្ដងហើយម្ដងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ៕

