ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានអំពាវនាវឲ្យគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរក្នុងស្រុកត្រូវរួមគ្នា អនុវត្តគោលការណ៍ណែនាំរាជរដ្ឋាភិបាលទប់ស្កាត់កូវីដអូមីក្រុន ចាប់ពីឥឡូវទៅ ដើម្បីជំរុញការរៀបចំ និងការដើរកម្សាន្តថ្ងៃចូលឆ្នាំថ្មីមានសុវត្ថិភាព។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី៨ ខែកុម្ភៈនេះ ថា នៅពេលបច្ចុប្បន្នស្ថានភាគ្រប់គ្រងចលនាទេសចរណ៍ក្នុងស្រុកគឺយើងមានគ្រប់គ្រងបានល្អប្រសើរ និងមានសុវត្ថិភាព ខណៈនៅរៀងរាល់ថ្ងៃឈប់សម្រាកចុងសប្តាហ៍សៅរ៍-អាទិត្យ គឺមានទេសចរក្នុងស្រុកចេញដើរកម្សាន្តមានការកើនឡើង ជាបន្តបន្ទាប់ ហើយជាមធ្យមគឺមានប្រមាណជាង ២០ម៉ឺននាក់។ នេះជាសញ្ញាវិជ្ជមានដ៏ល្អសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាបុរេលក្ខខ័ណ្ឌមួយក្នុងទាក់ទាញភ្ញៀវទេសចរវ៉ាក់សំាំងអន្តរជាតិមកទស្សនាកម្ពុជាផងដែរ។
ដើម្បីជំរុញការរៀបចំ និងជំរុញការដើរកម្សាន្តនៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរអោយកាន់តែមានសុវត្ថិភាពថែមទៀតនោះ ឯកឧត្តម តុប សុភ័ក បានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេស មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរ គឺត្រូវរួមអនុវត្តគោលការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំង នឹងការរាតត្បាតមេរោគកូវីដ១៩ និងអូមីក្រុងចាប់ពីពេលនេះតទៅ ជាពិសេសអនុវត្តវិធានសុខាភិបាល ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការអនុវត្តនីតិប្រតិបត្តិស្តង់ដារអប្បបរមាSOP ដើម្បីការឆ្លងកូវីដមានការធ្លាក់ចុះចាប់ពីពេលនេះតទៅ។
ការត្រៀមរៀបចំកម្មវិធីបុណ្យចូលឆ្នាំ និងការត្រៀមដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះដែរ ព្រះសង្ឈ ក៏ដូចជាប្រជាពលរដ្ឋ សំដែងការអបអរសាទរចំពោះប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានប្តេជ្ញាចិត្តរៀបចំពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ឲ្យមានភាពពេញលេញវិញ ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះមានការអកខានរៀបចំចំនួន ២ឆ្នាំមកហើយ។
សូមបញ្ជាក់ថា នៅក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះអោយបានជោគជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអំពាវនាវដល់ជនរួមជាតិឱ្យបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងសូមអំពាវនាវចំពោះប្រជាពលរដ្ឋប្រឹងប្រែង ធ្វើយ៉ាងណាកុំឱ្យដើរថយក្រោយខកខានការរៀបចំបុណ្យចូលឆ្នាំ និងនាំគ្នារាំលេងសប្បាយទៅ តែរាំឃ្លាតពីគ្នាបន្តិច នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២នេះ៕ អត្ថបទ ស៊ុម សុខជា