សហភាពអឺរ៉ុប និងប្រទេសអេហ្ស៊ីប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ទូលំទូលាយជាបន្តបន្ទាប់កាលពីថ្ងៃពុធ ទី២២ ខែតុលា ក្នុងគោលបំណងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ខណៈមេដឹកនាំជាច្រើនរូបបានមកជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អេហ្ស៊ីបជាលើកដំបូង។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា អឺរ៉ុបនឹងផ្តល់ជំនួយម៉ាក្រូហិរញ្ញវត្ថុ(ហិរញ្ញវត្ថុខ្នាតធំ) ចំនួន៥ពាន់លានអឺរ៉ូ និងបើករោងចក្របញ្ញាសិប្បនិមិត្តរបស់អឺរ៉ុប ដល់ក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មរបស់អេហ្ស៊ីប ដែលអនុញ្ញាតឱ្យប្រទេសនេះបណ្តុះបណ្តាល និងសាកល្បងម៉ូដែលកុំព្យូទ័រទំនើបរបស់អឺរ៉ុប។

លោកស្រី Von der Leyen ក៏បានប្រកាសផែនការសម្រាប់ក្រុមម្ចាស់ជំនួយទៅប៉ាឡេស្ទីន ដោយប្រមូលផ្តុំដៃគូអន្តរជាតិ ដើម្បីជំរុញកំណែទម្រង់ និងកិច្ចខិតខំប្រឹងប្រែងកសាងតំបន់ហ្កាហ្សាឡើងវិញ។ លោកស្រីបាននិយាយថា ការសម្របសម្រួលនិងផែនការរបស់អេហ្ស៊ីប សម្រាប់សន្និសីទការកសាងឡើងវិញនឹងមានសារសំខាន់។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប លោក Valdis Dombrovskis និងរដ្ឋមន្ត្រីផែនការរបស់បប្រទេសអេហ្ស៊ីប លោក Rania Al-Mashat មុនពេលកិច្ចប្រជុំកំពូលដែលចូលរួមដោយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi លោកស្រី von der Leyen និងលោក Costa ។
លោកស្រី Von der Leyen បាននិយាយថា ភាពជាដៃគូថ្មីនេះក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តោប្រវេសន៍ផងដែរ ដោយការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុបចំនួន២០០លានអឺរ៉ូក្នុងរយៈពេលពីរឆ្នាំខាងមុខ ដើម្បីគាំទ្រដល់សហគមន៍ម្ចាស់ផ្ទះ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។