ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានរកឃើញថា ពលរដ្ឋអាមេរិកភាគច្រើន — រួមទាំងចំនួន ៨០% នៃគណបក្សប្រជាធិបតេយ្យ និង ៤១% នៃគណបក្សសាធារណរដ្ឋ — គិតថា សហរដ្ឋអាមេរិកគួរតែទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ដែលជាសញ្ញាមួយបង្ហាញថា ការប្រឆាំងរបស់លោកប្រធានាធិបតី Donald Trump លើជំហាននេះ ហាក់មិនស្របនឹងមតិសាធារណៈ។

ការស្ទង់មតិរយៈពេល ៦ថ្ងៃ ដែលបិទកាលពីថ្ងៃចន្ទ (២០ តុលា) សប្ដាហ៍នេះ បានរកឃើញថា អត្រា ៥៩% នៃអ្នកឆ្លើយតបសរុបជាង ៤ពាន់នាក់ បានគាំទ្រការទទួលស្គាល់របស់អាមេរិកលើរដ្ឋប៉ាឡេស្ទីន ខណៈចំនួន ៣៣% បានជំទាស់ ហើយអ្នកសេសសល់ គឺមិនប្រាកដចិត្ត ឬមិនឆ្លើយសំណួរ។

ប្រហែលពាក់កណ្តាលនៃសមាជិកបក្សសាធារណរដ្ឋរបស់លោក Trump - ពោលគឺ ៥៣% - បានប្រឆាំងនឹងការធ្វើដូច្នេះ ខណៈតួលេខ ៤១% និយាយថា ពួកគេនឹងគាំទ្រការទទួលស្គាល់នេះ។
ប្រទេសជាច្រើន រួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិក គឺអង់គ្លេស កាណាដា បារាំង និងអូស្ត្រាលី បានទទួលស្គាល់ជាផ្លូវការហើយនូវភាពជារដ្ឋរបស់ប៉ាឡេស្ទីន កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបានទាក់ទាញការរិះគន់ខ្លាំងៗពីអ៊ីស្រាអែល។ សម័យបង្កើតរដ្ឋអ៊ីស្រាអែល ដែលធ្វើឡើងក្នុងឆ្នាំ១៩៤៨ បាននាំឱ្យមានការភៀសខ្លួនរបស់ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ និងជម្លោះរ៉ាំរ៉ៃរាប់ទសវត្សរ៍៕