បុគ្គលិកចំនួន ៦០.០០០នាក់ ទាំងបុរស និងស្ត្រី ដែលទទួលខុសត្រូវក្នុងការរក្សាសុវត្ថិភាពផ្លូវអាកាសរបស់អាមេរិក មិនទទួលបានប្រាក់ឈ្នួលឡើយ ពេញមួយការបិទរដ្ឋាភិបាលដែលកំពុងបន្ត ខណៈមន្រ្តីសហព័ន្ធជាច្រើនព្រមានថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងផ្តល់មូលនិធិក្នុងពេលឆាប់ៗទេនោះ មនុស្សជាច្រើននឹងត្រូវបង្ខំឱ្យធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុ បំណុលកាតឥណទាន ឬទទួលយកការងារក្រៅម៉ោងដើម្បីរកប្រាក់ចំណូល។

ឥឡូវនេះការបិទបានចូលដល់សប្ដាហ៍ទី៤ហើយ គិតចាប់ពីថ្ងៃទី១ ខែតុលាមក ហើយពេលវេលាកាន់តែកៀកសម្រាប់បុគ្គលិករដ្ឋាភិបាលរាប់ម៉ឺននាក់ ដែលរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវអាកាស ក្នុងការខកខានប្រាក់ឈ្នួលពេញមួយខែ។
ហេរញ្ញិករបស់សហព័ន្ធអាមេរិកនៃបុគ្គលិករដ្ឋាភិបាលក្នុងស្រុក ដែលជាសហជីពតំណាងឱ្យកម្មកររដ្ឋបាលសន្តិសុខដឹកជញ្ជូន (TSA) លោក Neal Gosman បាននិយាយថា “បុគ្គលិកនាំគ្នាគិតថានឹងឈប់ទៅធ្វើការ រួចប្ដូរទៅធ្វើកន្លែងផ្សេង ព្រោះពួកគេត្រូវចិញ្ចឹមក្រពះ និងកូនៗនៅផ្ទះទៀត”។
នៅឆ្នាំ២០១៩ — ក្នុងអំឡុងពេលបិទរដ្ឋាភិបាលអាមេរិកអស់ ៣៥ថ្ងៃ — ចំនួនអវត្តមានរបស់បុគ្គលិកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងមន្រ្តី TSA កើនឡើងខ្លាំង ដោយសារមិនបានប្រាក់ឈ្នួល ដែលបន្ថែមភាពចលាចលខ្លាំងនៅតាមអាកាសយានដ្ឋាន។ នៅពេលនោះ អាជ្ញាធរត្រូវបង្ខំចិត្តផ្អាកចរាចរណ៍ផ្លូវអាកាសក្នុងទីក្រុងញូវយ៉ក ដែលបានដាក់សម្ពាធខ្លាំងលើសមាជិកសភា ឱ្យបញ្ចប់ភាពជាប់គាំងនោះយ៉ាងឆាប់រហ័ស៕

