អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានព្រមានកាលពីថ្ងៃពុធ (២២ តុលា) អំពីកិច្ចការដ៏លំបាកនាពេលខាងមុខ ក្នុងការរំសាយអាវុធពីក្រុមហាម៉ាស និងការកសាងអនាគតដ៏សន្តិភាពសម្រាប់តំបន់ហ្កាហ្សា ខណៈទីក្រុងវ៉ាស៊ីនតោន បានស្វះស្វែងរកការធានាឡើងវិញដល់អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន អំពីជំហានបន្ទាប់ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់។

លោក Vance បានជួបលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែល ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងការទូត ដើម្បីគាំទ្រផែនការរបស់អាមេរិកក្នុងការបញ្ចប់សង្រ្គាម សង្គ្រោះចំណាប់ថ្នូរ និងនៅទីបំផុត ជំហានកសាងឡើងវិញនូវទឹកដីប៉ាឡេស្ទីនដែលត្រូវបំផ្លិចបំផ្លាញមួយនេះ។
លោក Vance បាននិយាយថា “អាមេរិកមានកិច្ចការដ៏លំបាកមួយនៅចំពោះមុខ គឺការរំសាយអាវុធក្រុមហាម៉ាស និងកសាងតំបន់ហ្កាហ្សាឡើងវិញ ព្រមទាំងការធ្វើឱ្យជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនហ្កាហ្សា និងត្រូវធានាថា ក្រុមហាម៉ាសលែងជាការគំរាមកំហែងដល់មិត្តអ៊ីស្រាអែល តទៅទៀត”។
អំឡុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនេះ លោក Vance ក៏បានទៅចូលរួមពិធីបើកមជ្ឈមណ្ឌលសម្របសម្រួលស៊ីវិល និងយោធា (CMCC) នៅភាគនិរតីអ៊ីស្រាអែល ជាទីដែលកងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត នឹងធ្វើការជាមួយកងកម្លាំងអ៊ីស្រាអែល ដើម្បីត្រួតពិនិត្យបទឈប់បាញ់ និងត្រួតពិនិត្យជំនួយដល់តំបន់ហ្កាហ្សា៕

