យោងតាមអាជ្ញាធរតំបន់បានឱ្យដឹងថា សាធារណរដ្ឋដូមីនីក បានចេញការព្រមានកាលពីថ្ងៃពុធ ទី២២ ខែតុលា ខណៈព្យុះត្រូពិក Melissa បោកបក់មកកាន់តែជិត។ ព្យុះ Melissa ស្ថិតនៅភាគនិរតីប្រទេស ចម្ងាយប្រហែល៤៨៥គីឡូម៉ែត្រពីប្រទេសហៃទី។ ល្បឿនរបស់វាបានចុះខ្សោយ ដូច្នេះប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ កំពុងត្រៀមទប់ទល់សម្រាប់ភ្លៀងធ្លាក់ខ្លាំងដែលនឹងបន្តប្រហែលប្រាំថ្ងៃទៀត។

កាលពីថ្ងៃពុធ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (COE) របស់សាធារណរដ្ឋដូមីនីក បានដាក់ខេត្តចំនួន៨ស្ថិតក្នុងគ្រាអាសន្នពណ៌លឿងទុំ។ អាជ្ញាធរ បានផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើទំនប់ទឹក Sabaneta។ យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (COE) បានឲ្យដឹងថា ទំនប់ទឹកនេះកំពុងត្រូវបានគេរំដោះទឹកចេញ ដែលបង្កហានិភ័យទឹកជំនន់ដល់សហគមន៍ដែលនៅក្បែរនោះ។ អ្នកស្រុកនៅតំបន់ងាយរងគ្រោះត្រូវបានជម្លៀសទៅកាន់ទីជម្រក ឬទីតាំងដែលមានសុវត្ថិភាពជាងច្រើនកន្លែង។

លោក Edgar Feliz នាយកផ្នែកជំនួយសង្គមនិងចែកចាយស្បៀងសហគមន៍ បាននិយាយថា ការផ្គត់ផ្គង់ស្បៀង និងរបស់របរប្រើប្រាស់ ត្រូវបានបែងចែកទៅឱ្យរដ្ឋាភិបាលខេត្ត ដោយផ្តល់អាទិភាពដល់តំបន់ដែលស្ថិតនៅក្រោមគ្រាអាសន្នពណ៌លឿងទុំ។