នគរបាលប្រទេសអៀរឡង់ បាននិយាយថា មនុស្ស២៣នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Dublin ប្រទេសអៀរឡង់ បន្ទាប់ពីយប់ទីពីរនៃភាពវឹកវរនៅខាងក្រៅសណ្ឋាគារមួយមួយកន្លែងដែលប្រើប្រាស់ដើម្បីផ្តល់ការស្នាក់នៅដល់អ្នកស្វែងរកសិទ្ធិជ្រកកោន។ ភាពវឹកវរកាលពីថ្ងៃពុធ បានកើតឡើងបន្ទាប់ពីការចាប់ខ្លួនមនុស្ស៦នាក់កាលពីយប់មុននោះបន្ទាប់ពីបាតុកម្មប្រឆាំងគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលដែលបានប្រែក្លាយជាហិង្សា។

វីដេអូ បង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញ ក្រុមអ្នកតវ៉ាគប់កាំជ្រួចដាក់ទៅលើនគរបាល។ នគរបាលនិយាយថា មន្ត្រីពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលដោយមន្ត្រីម្នាក់ត្រូវបានវាយចំក្បាលដោយដប និងម្នាក់ទៀតរងរបួសដៃ និងស្មា ។

នគរបាលអៀរឡង់ដែលគេស្គាល់ថា លោក An Garda Siochana បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ភាពគ្មានសណ្តាប់ធ្នាប់សាធារណៈនេះត្រូវបានបង្កជាចម្បងដោយមនុស្សពេញវ័យ និងក្មេងជំទង់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អៀរឡង់ លោក Jim O'Callaghan បានសរសើរនគរបាលចំពោះការឆ្លើយតប «យ៉ាងក្លាហាន» និង «ដោយវិជ្ជាជីវៈ» ចំពោះ «អំពើហិង្សាខ្លាំងក្លានេះ» ។
ក្រុមអ្នកតវ៉ាបានមកប្រមូលផ្តុំគ្នានៅខាងក្រៅសណ្ឋាគារ Citywest ក្នុងទីក្រុង Saggart ភាគនិរតីទីក្រុង Dublin ចាប់តាំងពីថ្ងៃច័ន្ទ ដើម្បីឆ្លើយតបទៅនឹងការចាប់ខ្លួនបុរសអាយុ២៦ឆ្នាំម្នាក់ពីបទរំលោភក្មេងស្រីអាយុ១០ឆ្នាំម្នាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសនោះជាជនបរទេសដែលត្រូវបានបញ្ជាឱ្យនិរទេសខ្លួនកាលពីដើមឆ្នាំនេះ បន្ទាប់ពីពាក្យស្នើសុំសិទ្ធិជ្រកកោន មិនបានជោគជ័យ។