ភ្នំពេញ៖ តាមរយៈសារផ្ញើជូនជនរួមជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ ឬការចរចាសន្តិភាពនោះទេ។
សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា កម្ពុជាមិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។
បើតាមសាររបស់សម្ដេចនាយករដ្ឋមន្រ្ដី បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ប៉ុន្តែការដោះស្រាយណាមួយដែលអាចទទួលយកបាន គឺត្រូវផ្អែកលើគោលការណ៍តម្លាភាព មានការឯកភាពគ្នា ដោយគ្មានការបង្ខិតបង្ខំរវាងភាគីទាំងពីរ និងដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នា ព្រមទងផ្អែកលើមូលដ្ឋានសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
សម្ដេចបានថ្លែងបញ្ជាក់ថា នៅក្នុងន័យនេះ ការងារវាស់វែង និងខណ្ឌសីមា គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណ:កម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។ JBC បានធ្វើការរួមគ្នាប្រកបដោយផ្លែផ្កា ជាច្រើនក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ទោះបីមិនទាន់បានចប់សព្វគ្រប់ក៏ដោយ៕