ស្ថាប័នច្បាប់កំពូលរបស់អង្គការសហប្រជាជាតិ (UN) គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃពុធ (ទី២២ ខែតុលា) បានចេញនូវមតិផ្ដល់យោបល់ ឬសេចក្ដីសម្រេចមិនជាប់ចំណងផ្លូវច្បាប់ ដោយបញ្ជាក់ថា អ៊ីស្រាអែលស្ថិតនៅក្រោមកាតព្វកិច្ច ក្នុងការធានានូវតម្រូវការជាមូលដ្ឋានរបស់ប្រជាជនស៊ីវិល នៅតំបន់ហ្កាហ្សា។
គណៈវិនិច្ឆ័យដែលមានចៅក្រុម ១១រូប បានបន្ថែមថា អ៊ីស្រាអែលត្រូវគាំទ្រដល់់កិច្ចប្រឹងប្រែងសង្គ្រោះដែលផ្តល់ដោយ UN នៅតំបន់ហ្កាហ្សាស្ទ្រីប និងស្ថាប័ននានារបស់ UN ក្នុងនោះរួមមានទាំង UNRWA ដែលជាទីភ្នាក់ងារជំនួយ និងការងាររបស់ UN សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា។

ប្រធានចៅក្រម លោក Yuji Iwasawa បាននិយាយថា៖ «ក្នុងនាមជាអ្នកមានអំណាចគ្រប់គ្រង អ៊ីស្រាអែលមានកាតព្វកិច្ចធានានូវតម្រូវការជាមូលដ្ឋានរបស់ប្រជាជនក្នុងតំបន់នេះ ក្នុងនោះរួមមានទាំងការផ្គត់ផ្គង់ចាំបាច់ សម្រាប់ការរស់រានមានជីវិតរបស់ពួកគេផងដែរ»។ លោកបានបន្ថែមថា តម្រូវការមូលដ្ឋាន រួមមានអាហារ ទឹក ទីជម្រក ប្រេងឥន្ធនៈ និងសេវាវេជ្ជសាស្ត្រ។
មតិផ្ដល់យោបល់របស់ ICJ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោកនោះ មានទម្ងន់ផ្លូវច្បាប់ និងនយោបាយ ប៉ុន្តែវាមិនជាប់ចំណងផ្លូវច្បាប់នោះឡើយ ហើយតុលាការក៏គ្មានអំណាចអនុវត្តនោះដែរ។ ចំណាត់ការដែលត្រូវបានស្នើដោយមហាសន្និបាត UN កាលពីខែធ្នូ បានបញ្ជាក់ថា រដ្ឋការពារត្រូវការពារបុគ្គលិក UN ហើយត្រូវបានគេរំពឹងថា នឹងមានផលលើសពីជម្លោះ នៅតំបន់ហ្កាហ្សា៕


