ព្រះវិហារ៖ វីដេអូបង្ហាញពីសកម្មភាពប៉ូលិសសេដ្ឋកិច្ចខេត្តព្រះវិហារម្នាក់ និងមន្ដ្រីប៉េអិមមួយរូប បានរងការចោទប្រកាន់ថា បានលួចនាំរថយន្ដឆ្លងដែន ៤គ្រឿង ទៅប្រទេសឡាវ ស្ថិតនៅចំណុចខ្ទមអ្នកតាកំពង់ស្រឡៅ១ ។
បើយោងតាមប្រភពពីសមត្ថកិច្ចមួយរូប សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែ០២ ឆ្នាំ២០២២ នៅវេលាម៉ោង១០.៣៥នាទីយប់ មានឈ្មោះ រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ និង ឆាយ ជាមន្ដ្រីប៉េអិមប្រចាំទិសស្រុកសង្គមថ្មី និងស្រុកគូលែន បានលួចនាំរថយន្ដឆ្លងដែនចំនួន ៤គ្រឿង ទៅប្រទេសឡាវ ស្ថិតនៅចំណុចខ្ទមអ្នកតាកំពង់ស្រឡៅ១។
ពាក់ព័ន្ធព័ត៌មានចោទប្រកាន់លោក រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា មិនបានដឹងរឿងនេះទេ ហើយជួយស៊ើបឲ្យច្បាស់ប្រាប់ឲ្យគាត់ដឹងផង និងដឹកនាំកម្លាំងចុះបង្ក្រាបសហការជាមួយកម្លាំងគយផងដែរ។ចំណែកឈ្មោះ ឆាយ មន្ដ្រីប៉េអិម យើងមិនអាចសុំការបញ្ជាក់បាននៅឡើយទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង។
ប្រភពមួយចំនួន បានលើកឡើងថា មានតួនាទីសុតតែជាសមត្ថកិច្ចផែនបង្ក្រាបទៅហើយ ចុះឲ្យអ្នកណាបង្ក្រាបអ្នកណា ? បើសមត្ថកិច្ចយកតួនាទីដែលថ្នាក់លើផ្ដល់ឲ្យយកទៅរកស៊ីបទល្មើសទៅហើយនោះ។ ដូច្នេះសូមអំពាវនាវដល់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ដព្រះវិហារ មេត្ដាជួយពិនិត្យលើករណីនេះផង ដែលកូនចៅយកតួនាទីទៅរកស៊ីនាំរថយន្ដឆ្លងដែនយ៉ាងដូច្នេះ៕

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា
