នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា ប្រទេសលោកកៀកនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកហើយ បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានដំឡើងពន្ធខ្ពស់លើការនាំចេញទៅកាន់ទីផ្សារធំបំផុតរបស់ពិភពលោក។

អំឡុងសន្និសីទសារព័ត៌មាន នៅក្នុងរដ្ឋធានីរដ្ឋបាល Putrajaya កាលពីយប់ថ្ងៃពុធ (ទី២២ ខែតុលា) លោក Datuk Seri Anwar បានប្រាប់ថា៖ «ខ្ញុំគួរតែអាចនិយាយបានថា បញ្ហានានា ៩៩,៩ភាគរយ ត្រូវបានដោះស្រាយរួចហើយ។ រាល់បញ្ហាដែលនៅសេសសល់ នឹងត្រូវដោះស្រាយជាមួយគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ»។
ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកមានបំណងបញ្ចប់ការចរចា នៅពេលដែលលោក Trump ធ្វើទស្សនកិច្ចនៅទីក្រុងកូឡាឡាំពួរ នាថ្ងៃទី ២៦ ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN)។
ជាមួយគ្នានេះ លោក Anwar បានបញ្ជាក់បន្ថែមថា ប្រទេសទាំង២ ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូង ដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគផងដែរ។
គួរបញ្ជាក់ថា ម៉ាឡេស៊ីត្រូវទទួលរងអត្រាពន្ធ ១៩ភាគរយលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ហើយលោក Trump ក៏កំពុងគិតគូរពីការយកពន្ធលើបន្ទះឈីបផងដែរ ជាវិធានការមួយដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានលើកឡើងថា នឹងបង្កឲ្យមានក្ដីបារម្ភ៕
