ក្រសួងការពារជាតិទួរគី នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែតុលា) នេះ បានឲ្យដឹងថា កងកម្លាំងរក្សាសន្តិភាពទួរគី នឹងបន្តជួយលើកកម្ពស់សមត្ថភាពរបស់កងទ័ពលីបង់ ក្រោមអាណត្តិដាក់ពង្រាយថ្មី នៅក្នុងប្រទេសលីបង់។
សភារបស់ប្រទេសទួរគី បានអនុម័តសេចក្ដីព្រាងច្បាប់មួយ កាលពីថ្ងៃអង្គារ ដើម្បីបន្តអាណត្តិដាក់ពង្រាយយោធា នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ រយៈពេល ៣ឆ្នាំទៀត ហើយអាណត្តិដាក់ពង្រាយនេះ ស្ថិតនៅក្រោមកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) រយៈពេល ២ឆ្នាំ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កិច្ចប្រឹងប្រែង នឹងបន្តធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសន្តិសុខ នៅក្នុងតំបន់ ធានាស្ថិរភាព និងជួយកសាងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធលីបង់ ក្នុងគោលបំណងបង្កើត និងរក្សាសន្តិភាព នៅក្នុងប្រទេសលីបង់»។
ក្នុងនាមជាប្រទេសសមាជិកអង្គារណាតូ ទួរគីដែលបានចូលរួមក្នុងដំណើរការសម្រុះសម្រួល រហូតនាំឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សា បានថ្កោលទោសការវាយលុករបស់អ៊ីស្រាអែល នៅក្នុងតំបន់ប៉ាឡេស្ទីន និងប្រទេសផ្សេងទៀត ក្នុងតំបន់ ក្នុងនោះរួមទាំងលីបង់ផងដែរ ដោយលើកឡើងថា គោលនយោបាយ «ប្រល័យពូជសាសន៍» និង «វាតទីនិយម» របស់អ៊ីស្រាអែល នៅតែជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព ក្នុងតំបន់៕

