ក្រចេះ៖ ពលរដ្ឋរស់នៅក្នុងខេត្តក្រចេះ នៅថ្ងៃទី៨ ខែកុម្ភៈនេះ សម្រុកទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ក្នុង មូលដ្ឋានសុខាភិបាលរស់នៅរបស់ពួកគេ ខណៈមេរោគបំប្លែងថ្មី អូមីក្រុង មិនទាន់ឆ្លងចូលក្នុងសហគមន៍ ខេត្តក្រចេះ។
ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពគោ លាប់ ស្ថិតនៅខេត្តក្រចេះ នៅថ្ងៃនេះ បានប្រាប់BTVឲ្យដឹងថា ពួកគេបានយល់ដឹងថា ការចាក់វ៉ាក់សាំង ដូសជំរុញដូសទី៣ គឺមានសារសំខាន់ណាស់ ក្នុងការរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ជាពិសេសទប់ទល់នឹងជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។
ពួកគេបានសំដែងការអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកចំពោះសុខុមាលភាពប្រជាពលរដ្ឋ។
បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តក្រចេះ បានបង្ហាញថា គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈនេះ ពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ ទទួលបានការចាក់វ៉កា់សាំងដូសទី៣ មានចំនួនជាង៤ម៉ឺននាក់ ស្មើ ជាង២០ភាគរយ។
នៅកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានកំណត់ជាមធ្យោបាយអាទិភាព បូកនឹងវិធានការ សុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់ ដោយសារជំងឺនេះទៅលើវិស័យសេដ្ឋកិច្ចនិងសង្គម។
បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ពីទទួលបានជោគជ័យលើនយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៩០ភាគរយ ធៀបពលរដ្ឋ១៦លាននាក់៕អត្ថបទ៖ ទូច សោភ័ណ







