នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅទីក្រុងគួឡាឡាំពួរ តាមរយៈប្រព័ន្ធអនឡាញ ដោយបានច្រានចោលលទ្ធភាពនៃការមានជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ហើយបង្ហាញថា ទីក្រុងញូវដេលី និងវ៉ាស៊ីនតោន ប្រហែលជាមិនទាន់ជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះឡើយ។
សហរដ្ឋអាមេរិក និងឥណ្ឌា បានធ្វើការចរចាអស់ជាច្រើនខែមកហើយ ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែការពិភាក្សាមានភាពស្មុគស្មាញ ដោយសារការនាំចូលប្រេងពីរុស្ស៊ីរបស់ឥណ្ឌា ដែលបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនដាក់អត្រាពន្ធទណ្ឌកម្ម ២៥ភាគរយលើទំនិញឥណ្ឌា ក្នុងខែសីហា ដោយធ្វើឲ្យពន្ធសរុបឡើងដល់ ៥០ភាគរយ។

តាមរយៈបណ្ដាញសង្គម X នាថ្ងៃទី ២៣ ខែតុលា នៅពេលសំដៅដល់ការសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim លោក Modi បានឲ្យដឹងថា៖ «កំពុងទន្ទឹងរង់ចាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា តាមប្រព័ន្ធអនឡាញ និងដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា»។
ចំណែកលោក Datuk Seri Anwar ក៏បានប្រាប់ដែរថា លោកត្រូវបានជូនដំណឹងថា លោក Modi នឹងចូលរួមក្នុងការកិច្ចប្រជុំនេះ តាមប្រព័ន្ធអនឡាញ «ដោយសារតែការប្រារព្ធពិធីបុណ្យ Deepavali ដែលកំពុងបន្តមាននៅក្នុងប្រទេសឥណ្ឌា នាពេលនោះ» ដោយសំដៅទៅលើពិធីបុណ្យអគ្គិនៃសាសនាហិណ្ឌូដែលត្រូវបានប្រារព្ធឡើង នៅក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំរបស់បណ្ដាមេដឹកនាំនៃប្រទេសសមាជិកអាស៊ាន នឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីសមាជិកទាំង ១០ របស់ប្លុក និងដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជាចិន ជប៉ុន និងសហរដ្ឋអាមេរិកជាដើម៕
