អ៊ីស្រាអែលបានបើកការវាយប្រហារជាបន្តបន្ទាប់លើតំបន់ភ្នំ នៅភាគខាងកើតនៃប្រទេសលីបង់ នាថ្ងៃព្រហស្បតិ៍ (២៣ តុលា) នេះ ដោយយោធាអ៊ីស្រាអែលឲ្យដឹងថា ខ្លួនបានវាយប្រហារគោលដៅក្រុមហេសបូឡា។
ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានឲ្យដឹងថា «យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់នៅជួរភ្នំភាគខាងកើតប្រទេស» ក្នុងតំបន់ Bekaa ជិតព្រំដែនជាមួយប្រទេសស៊ីរី។ សារព័ត៌មាននេះក៏បានឲ្យដឹងទៀតដែរថា ការវាយប្រហាររបស់អ៊ីស្រាអែលចំនួន២ បានកំណត់គោលដៅនៅជួរភ្នំ Hermel ភាគឦសានរបស់ប្រទេស។

ទន្ទឹមនឹងនោះ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានកំណត់គោលដៅលើទីតាំងរបស់ក្រុមហេសបូឡា នៅភាគខាងកើត និងភាគខាងជើងរបស់ប្រទេសលីបង់ ក្នុងនោះរួមទាំង «ជំរុំយោធា និងទីតាំងផលិតមីស៊ីលបាញ់ចំគោលដៅយ៉ាងជាក់លាក់» នៅតំបន់ Bekaa ផងដែរ។
យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន «បានវាយប្រហារគោលដៅភេរវករជាច្រើន» នៅក្នុងតំបន់ Bekaa ក្នុងនោះរួមទាំង «ជំរុំដែលប្រើសម្រាប់បណ្តុះបណ្តាលពួកសកម្មប្រយុទ្ធហេសបូឡា» ផងដែរ។ យោធាបានបន្ថែមទៀតថា ខ្លួនបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា នៅទីកន្លែងផលិតមីស៊ីលបាញ់ចំគោលដៅយ៉ាងជាក់លាក់ ហើយក៏បានកំណត់គោលដៅផងដែរ លើ «ទីតាំងយោធារបស់ក្រុមហេសបូឡា ក្នុងតំបន់ Sharbin នៅភាគខាងជើងនៃប្រទេសលីបង់»៕
