កោះកុង៖ អាជ្ញាធរខេត្តកោះកុង បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្ថាបនាផ្លូវបេតុង កៅស៊ូប្រភេទAC ចំនួន២ខ្សែក្នុងក្រុងខេមរភូមិន្ទ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យពលរដ្ឋមានការសប្បាយរីករាយជាខ្លាំង។
ផ្លូវចំនួន២ខ្សែ ដែលផ្តើមចេញពីកែងមុខអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ឆ្ពោះទៅកាន់ផ្លូវ សិរីកា សង្កាត់ស្ទឹងវែង លែងមានពាក្យថា លំបាកធ្វើចរាចរដូចពេលមុនហើយ ដោយមន្រ្តីជំនាញ កំពុងមមាញឹកអ៊ុតផ្លូវបេតុងកៅស៊ូប្រវែងជិត៤គីឡូម៉ែត្រ។ នេះបើតាមការឱ្យដឹងពីលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ។
លោក បានបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចរាចរណ៍លើកំណាត់ផ្លូវបេតុងដ៏មាន សារសំខាន់ចំនួនពីរខ្សែនេះ ត្រៀមនឹងបញ្ចប់នៅដំណាច់ខែកុម្ភៈនេះ ប្រសិនគ្មានអ្វីប្រែប្រួលទេនោះ។
លោកបានបញ្ជាក់ទៀតថា កន្លងទៅ ពលរដ្ឋជួបប្រទះការលំបាកធ្វើដំណើរជាខ្លាំង ដោយសារតែ គុណភាពផ្លូវហួសសុពភាពប្រើប្រាស់ ភ្លៀងធ្លាក់ជនលិច និងមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធ្ងន់ៗបាន។
ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវកៅស៊ូ ដែលកំពុងត្រូវបានកែលម្អជាថ្មីនេះ បានបង្ហាញក្តីរីករាយ ជាខ្លាំងពេលមានផ្លូវងាយស្រួលធ្វើដំណើរ ព្រោះពួកគេលំបាកធ្វើដំណើរជាង២ឆ្នាំមកហើយ។
ពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរខេត្តក្រុង ព្រមទាំងមន្ទីរជំនាញ ជួយដំឡើងបង្គោលភ្លើង អគ្គិសនីបំភ្លឺបន្ថែមទៀត ដើម្បីផ្តល់ភាពកាន់តែងាយស្រួលធ្វើដំណើរពេលយប់ងងឹត។
លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង លើកឡើងដែរថា ក្រោយ បញ្ចប់ការស្ថាបនាផ្លូវបេតុងទាំង២ខ្សែនេះរួច រដ្ឋបាលខេត្តកោះកុង បានដាក់គម្រោងអភិវឌ្ឍន៍បន្ថែមលើ ការអ៊ុតផ្លូវបេតុងកៅស៊ូជុំវិញស្តូបក្បែរចំណតរថយន្តខេត្ត ដែលផ្តើមចេញមុខបញ្ជាការដ្ឋានការរាជអាវុធ ហត្ថខេត្ត និងមុខវិទ្យាល័យកោះកុង៕អត្ថបទ៖ ឈឹម មករា