ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅតែផ្គើនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានវាយប្រហារក្រុមហ៊ុនប្រេងដ៏ធំបំផុតពីររបស់រុស្ស៊ី ដោយការដាក់ទណ្ឌកម្ម ដើម្បីដាក់សម្ពាធលើមេដឹកនាំវិមានក្រឹមឡាំងឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាចំណាត់ការមួយបានជំរុញឱ្យតម្លៃប្រេងពិភពលោកកើនឡើង៥%។

លោក Putin បាននិយាយថា ក្រុងមូស្គូ នឹងមិនដែលចុះញ៉មចំពោះសម្ពាធពីអាមេរិក ឬ អំណាចបរទេសណាផ្សេងទៀតឡើយ ហើយបានព្រមានថាខ្លួននឹងឆ្លើយតបវិញដ៏ខ្លាំងខ្លា ចំពោះការវាយប្រហារដោយយោធាចូលជ្រៅទៅក្នុងដីរុស្ស៊ី។

យោងតាមប្រភពនានាពីពាណិជ្ជកម្មបានប្រាប់សារព័ត៌មាន Reuters ថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានជំរុញឱ្យក្រុមហ៊ុនប្រេងរដ្ឋរបស់ចិនផ្អាកការទិញប្រេងពីរុស្ស៊ីក្នុងរយៈពេលខ្លី។ យោងតាមប្រភពឧស្សាហកម្មបានឱ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងប្រទេសឥណ្ឌា ដែលជាអ្នកទិញដ៏ធំបំផុតនៃប្រេងពីសមុទ្ររុស្ស៊ី គ្រោងនឹងកាត់បន្ថយការនាំចូលប្រេងឆៅរបស់ពួកគេយ៉ាងខ្លាំង។
ការដាក់ទណ្ឌកម្មនេះផ្តោតលើក្រុមហ៊ុនប្រេងយក្ស Rosneft និង Lukoil មានច្រើនជាង ៥% នៃទិន្នផលប្រេងពិភពលោក ហើយជាសញ្ញានៃការត្រលប់មកវិញយ៉ាងខ្លាំងដោយលោក Trump ដែលបាននិយាយកាលពីសប្តាហ៍មុនថាលោក និងលោក Putin នឹងរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុង Budapest ប្រទេសហុងគ្រីដើម្បីព្យាយាមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឆាប់ៗនេះ។

ខណៈផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុលើរុស្ស៊ី អាចត្រូវបានកំណត់ក្នុងរយៈពេលខ្លី វិធានការនេះគឺជាសញ្ញាដ៏មានឥទ្ធិពលនៃចេតនារបស់លោក Trump ក្នុងការច្របាច់កហិរញ្ញវត្ថុរបស់រុស្ស៊ី និងបង្ខំឱ្យវិមានក្រឹមឡាំងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពក្នុងការឈ្លានពានពេញបន្ទុករយៈពេល ៣ឆ្នាំកន្លះ របស់អ៊ុយក្រែន៕