ស្វាយរៀង៖ ប្រជាពលរដ្ឋ ជាអ្នកចិញ្ចឹមជ្រូក នៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានអំពាវនាវដល់ មន្ត្រីបសុពេទ្យ ឱ្យជួយចុះធ្វើការផ្សព្វផ្សាយពីវិធីបង្ការ និងបញ្ចៀសជំងឺ ខណៈដែលជ្រូកនៅក្នុងភូមិរបស់ពួកគេបានឈឺ និងងាប់ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ។
ប្រជាពលរដ្ឋ បានឱ្យដឹងថា នៅក្នុងភូមិចំនួន២ របស់ឃុំស្វាយយា មានជ្រូកឈឺ និងងាប់ បើទោះ ជាក្រុមពេទ្យសត្វភូមិ បានសហការជាមួយនឹងម្ចាស់ធ្វើការព្យាបាលយ៉ាងណាក៏ដោយ បង្កឲ្យខាតបង់ថវិកា គ្រួសារយ៉ាងច្រើន និងមានអ្នកខ្លះបានធ្វើការលះបង់បញ្ឈប់ការចិញ្ចឹមជ្រូក បន្ទាប់ពីពួកគេបានធ្វើការព្យាបាលហើយមិនជា។
ប្រជាពលរដ្ឋ បានអំពាវនាវដល់ក្រុមបសុពេទ្យខេត្ត ចុះជួយធ្វើការផ្សព្វផ្សាយពីវិធីបង្ការជំងឺ ជ្រូក ដើម្បីឲ្យពួកគេមានលំនឹង និងបន្តចិញ្ចឹមទៅថ្ងៃខាងមុខ ពីព្រោះបច្ចុប្បន្ន ពួកគេអស់លទ្ធភាពក្នុងការព្យាបាលជំងឺជ្រូកនេះហើយ ។
ទាក់ទងបញ្ហានេះ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលលិតកម្មបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការងារនេះក្រុមលោកនឹងចុះទៅធ្វើការផ្សព្វផ្សាយជូនដល់ពលរដ្ឋ ក្រោយពីក្រុមការងាររបស់លោក បានចុះធ្វើការស្រាវជ្រាវនៅតាមគ្រួសារ ក្នុងភូមិ ដែលមានបញ្ហាជំងឺជ្រូករួច៕អត្ថបទ៖ ភា សារិត