ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ចាប់ពីថ្ងៃសុក្រ ទី២៤ ខែតុលា នេះតទៅ ខណៈមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ព្យាយាមបន្ធូរបន្ថយភាពតានតឹងដែលមិននឹកស្មានដល់ នៅមុនពេលកិច្ចប្រជុំកំពូលសំខាន់ៗរបស់មេដឹកនាំ។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា លោក He ដែលជាមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិន នឹងធ្វើទស្សនកិច្ចនៅម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៤ ខែតុលា សម្រាប់កិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលម៉ាឡេស៊ី កំពុងធ្វើជាម្ចាស់ផ្ទះ។ នៅមុននោះ ក្រុមមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់អាមេរិក និយាយថា ពួកគេក៏នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ីផងដែរ ដើម្បីពិភាក្សាជាមួយមន្ត្រីចិន អំពីការទប់ស្កាត់របស់ទីក្រុងប៉េកាំង លើការនាំចេញរ៉ែកម្រ។
ភាពតានតឹងបានជះស្រមោលលើទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក-ចិន ចាប់តាំងពីទីក្រុងប៉េកាំង បានពង្រីកការទប់ស្កាត់យ៉ាងខ្លាំងលើការនាំចេញរ៉ែកម្រក្នុងខែតុលានេះ ដើម្បីឆ្លើយតបនឹងការរឹតត្បិតរបស់ក្រុមហ៊ុនអាមេរិកជាច្រើន ដែលរារាំងចិន មិនឱ្យទិញបច្ចេកវិទ្យាអាមេរិក។
លោក He និងលោក Bessent កំពុងប្រឈមនឹងភារកិច្ចដ៏សំខាន់ក្នុងការនាំយកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក-ចិន និងសង្គ្រោះជំនួបកំពូលរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីចិន លោក Xi Jinping ខាងក្រៅកិច្ចប្រជុំកំពូលមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅកូរ៉េខាងត្បូង៕

