កិច្ចប្រជុំដ៏សំខាន់នៃបក្សកាន់អំណាចរបស់ប្រទេសចិន បានបិទបញ្ចប់ជាផ្លូវការ បន្ទាប់ពីគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនិស្តចិន (CPC) លើកទី២០ បានបើកសម័យប្រជុំពេញអង្គលើកទី៤ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ (២៣ តុលា) សប្ដាហ៍នេះ។

អ្នកចូលរួមក្នុងសម័យប្រជុំរយៈពេល ៤ថ្ងៃនោះ បានពិភាក្សា និងអនុម័តនូវអនុសាសន៍សំខាន់ៗរបស់គណៈកម្មាធិការបក្ស CPC សម្រាប់ការបង្កើតផែនការប្រាំឆ្នាំលើកទី១៥ នៃឆ្នាំ២០២៦-២០៣០ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយលោកប្រធានាធីបតី Xi Jinping ដែលក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម CPC បានថ្លែងសុន្ទរកថាសំខាន់ៗ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមនៃសម័យប្រជុំ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ឥស្សរជនរបស់បក្សកុម្មុយនិស្តចិន បានប្តេជ្ញាថានឹងកសាងប្រព័ន្ធឧស្សាហកម្មទំនើបមួយ និងខិតខំបន្ថែមទៀតដើម្បីសម្រេចបាននូវការពឹងផ្អែកលើខ្លួនឯងផ្នែកបច្ចេកវិទ្យា ដែលខ្លួនមើលឃើញថា ជាគន្លឹះក្នុងការពង្រឹងជំហររបស់ចិន ខណៈការប្រជែងគ្នាកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក។
ដូចដែលបានរំពឹងទុក គណៈកម្មាធិការមជ្ឈិមបក្សក៏បានសន្យាថានឹងប្រឹងប្រែងបន្ថែមដើម្បីពង្រីកតម្រូវការក្នុងស្រុក និងជំរុញគោលដៅយូរអង្វែងរបស់ខ្លួននៃលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន។ គួរឱ្យដឹងថា ខ្លឹមសារពេញលេញនៃផែនការរយៈពេល ៥ឆ្នាំថ្មីនេះ នឹងត្រូវចេញផ្សាយក្នុងកិច្ចប្រជុំសភានៅខែមីនា ឆ្នាំក្រោយតែប៉ុណ្ណោះ ប៉ុន្តែទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរបានឱ្យតម្រុយថា ឯកសារក្រោយកិច្ចប្រជុំពេញអង្គ បានណែនាំអំពីការបន្តពង្រឹងគោលនយោបាយបច្ចុប្បន្ន៕

