មន្ត្រីមកពីក្រុមជំនួយ មនុស្សធម៌និងបរិយាបន្ន (Humanity & Inclusion) បាននិយាយថា ការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅដែនដីហ្កាហ្សា ទំនងជានឹងចំណាយពេលដ៏យូរចន្លោះពី ២០ ទៅ ៣០ឆ្នាំ ដោយពណ៌នាតំបន់ហ៊ុមព័ទ្ធនេះថាជា "វាលមីនដ៏គួរឱ្យរន្ធត់ និងគ្មានផែនទីច្បាស់លាស់"។

យោងតាមមូលដ្ឋានទិន្នន័យដែលដឹកនាំដោយអង្គការសហប្រជាជាតិ បានបង្ហាញថា មនុស្សលើសពី ៥០នាក់ ត្រូវបានសម្លាប់ និងរាប់រយនាក់រងរបួស ដោយសារសំណល់គ្រាប់បែកពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស រយៈពេលពីរឆ្នាំ ក្នុងអ្វីដែលក្រុមជំនួយគិតថា ជាតួលេខប៉ាន់ស្មានមិនដល់ដ៏ធំមួយ។

បទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិក ក្នុងខែនេះ បានបង្កើនក្តីសង្ឃឹមថា កិច្ចការដ៏ធំក្នុងការសម្អាតគ្រាប់មិនទាន់ផ្ទុះចេញពីគំនរបាក់បែករាប់លានតោន អាចចាប់ផ្តើមបាន។ ប៉ុន្តែសម្រាប់ពេលនេះ ក្រុមជំនួយនិយាយថា មិនទាន់ទទួលបានការអនុញ្ញាតពីអ៊ីស្រាអែល ក្នុងការចាប់ផ្តើមការងារលើការសម្អាត និងបំផ្លាញអាវុធយុទ្ធភណ្ឌ ឬការនាំចូលសម្ភារៈឧបករណ៍ដែលត្រូវការ ទៅក្នុងហ្កាហ្សាឡើយ។
លោក Nick Orr អ្នកជំនាញសម្អាតអាវុធជាតិផ្ទុះមកពីក្រុមមនុស្សធម៌និងបរិយាបន្ន បានប្រៀបធៀបស្ថានការណ៍នេះទៅនឹងទីក្រុងនានារបស់អង់គ្លេស ក្រោយសង្គ្រាមលោកលើកទីពីរ។ លោកបានលើកឡើងថា ការបោសសម្អាតផ្ទៃដីនៅហ្កាហ្សា ឥឡូវនេះជាអ្វីដែលអាចសម្រេចបានក្នុងមួយជំនាន់ ប្រហែលជាពី ២០ ទៅ ៣០ឆ្នាំ៕
