ក្រសួងសុខាភិបាលរបស់ប្រទេសបាននិយាយថា មនុស្សយ៉ាងហោចណាស់៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងកើតនិងភាគខាងត្បូងប្រទេសលីបង់ ជាការបំពានចុងក្រោយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំមុន។

ក្រសួងបាននិយាយថា ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ បានកំណត់គោលដៅលើតំបន់ភ្នំនៅភាគខាងកើតដោយបានសម្លាប់មនុស្សពីរនាក់ ហើយមនុស្សពីរនាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារដាច់ដោយឡែកនៅតំបន់Arabsalim ភាគខាងត្បូងប្រទេសលីបង់។

ទីភ្នាក់ងារសារព័ត៌មាន NNA បាននិយាយថា «យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបើកការវាយប្រហារដោយហិង្សាជាបន្តបន្ទាប់នៅតំបន់ជួរភ្នំភាគខាងកើត»ក្នុងតំបន់Bekaa ជិតព្រំដែនជាមួយប្រទេសស៊ីរី។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយលុកទីតាំងដែលជាប់ពាក់ព័ន្ធជាមួយក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា នៅភាគខាងកើតនិងភាគខាងជើងប្រទេសលីបង់ រួមទាំងជំរំយោធា និងទីតាំងសម្រាប់ផលិតមីស៊ីលស៊ីបគោលដៅ នៅជ្រលងភ្នំតំបន់ Bekaa ។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួន «វាយប្រហារគោលដៅរបស់ក្រុមភេរវករជាច្រើនកន្លែង» នៅក្នុងតំបន់រួមទាំង «ជំរំដែលត្រូវបានប្រើប្រាស់សម្រាប់បណ្តុះបណ្តាលក្រុមសកម្មប្រយុទ្ធហេសបូឡា» ។
យោធាក៏បានប្រកាសថា បានវាយប្រហារ «ឃ្លាំងស្តុកអាវុធរបស់ក្រុមហេសបូឡា នៅក្នុងតំបន់ Nabatieh»ផងដែរ។