រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump និងបណ្ដាមេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងសភា កាលពីថ្ងៃព្រហស្បតិ៍ (២៣ តុលា) បានចេញការព្រមានខ្លាំងៗថា ការរំខាននៃជើងហោះហើរ រួមទាំងចលាចលផ្លូវអាកាស នឹងកើនឡើងកាន់តែអាក្រក់ ដោយសារការបិទរដ្ឋាភិបាលនៅតែបន្តដោយគ្មានទីបញ្ចប់អស់ជាង ២០ថ្ងៃមកហើយ គិតចាប់ថ្ងៃដំបូងទី១ ខែតុលា មក ខណៈបុគ្គលិកត្រួតពិនិត្យអាកាសចរណ៍ មិនទទួលបានប្រាក់ឈ្នួលនោះទេ។

អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសប្រហែល ១៣.០០០នាក់ និងក្រុមមន្ត្រីរដ្ឋបាលសន្តិសុខដឹកជញ្ជូន (TSA) ប្រហែល ៥០.០០០នាក់ ត្រូវធ្វើការដោយគ្មានប្រាក់ឈ្នួល អំឡុងពេលបិទរដ្ឋាភិបាល ហើយនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ បុគ្គលិកត្រួតពិនិត្យទាំងនេះនឹងខកខានប្រាក់ឈ្នួលរបស់ពួកគេពេញមួយខែ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា "មន្រ្តីបារម្ភថានឹងមានការពន្យារពេលជើងហោះហើរ ការរំខាន និងការលុបចោលកាន់តែច្រើននៅអាកាសយានដ្ឋានសំខាន់ៗទូទាំងប្រទេស ក្នុងរដូវវិស្សមកាលនេះ"។ លោកស្រីបន្តថា "ប្រសិនបើបក្សប្រជាធិបតេយ្យនៅតែបន្តបិទរដ្ឋាភិបាល នោះពួកគេក៏នឹងបិទការធ្វើដំណើរតាមយន្តហោះរបស់ពលរដ្ឋអាមេរិកដែរ"។
សមាជិកបក្សប្រជាធិបតេយ្យច្រានចោលរឿងនេះ ហើយនិយាយថា លោកប្រធានាធិបតី Trump និងបក្សសាធារណរដ្ឋទៅវិញទេ ដែលបដិសេធមិនចរចាបញ្ចប់ភាពជាប់គាំង។ ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានក្លាយជាចំណុចក្ដៅគគុកមួយជុំវិញការបិទរដ្ឋាភិបាលអាមេរិក ដោយបក្សទាំងពីរបានបន្ទោសដាក់គ្នាទៅវិញទៅមកអស់ជាច្រើនថ្ងៃមកហើយ៕

