ប្រទេសវេណេស៊ុយអេឡា បានចាប់ផ្តើមការដាក់ពង្រាយយោធានៅទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ជាផ្នែកនៃសមយុទ្ធ «Coast Independence 200» របស់ខ្លួន ក្នុងគោលបំណងការពារដែនអធិបតេយ្យភាព និងស្ថិរភាពផ្ទៃក្នុងរបស់ប្រទេស ក្នុងពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។

សមយុទ្ធ ដែលលាតសន្ធឹងលើរដ្ឋឆ្នេរសមុទ្រ ត្រូវបានចាប់ផ្តើមក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីការពារជាតិ លោក Vladimir Padrino Lopez ដែលមានតួនាទីជាអនុប្រធានាធិបតីទទួលបន្ទុកការពារជាតិ និងអធិបតេយ្យភាពផងដែរ។
ក្នុងអំឡុងការដាក់ពង្រាយកងទ័ព លោក Padrino បានព្រមានប្រឆាំងនឹងប្រតិបត្តិការសម្ងាត់ដែលត្រូវបានចោទប្រកាន់ដោយទីភ្នាក់ងារចារកម្មកណ្តាលរបស់សហរដ្ឋអាមេរិក (CIA) ដោយនិយាយថាការប៉ុនប៉ងណាមួយដើម្បីធ្វើឱ្យមានអស្ថិរភាពប្រទេសវេណេស៊ុយអេឡា នឹងបរាជ័យ។

លោកបាននិយាយបន្ថែមថា សមយុទ្ធយោធានេះ ក៏ជាការឆ្លើយតបទៅនឹងអ្វីដែលលោកបានពណ៌នាថាជា «ការគំរាមកំហែងផ្នែកយោធា» នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប។
រដ្ឋាភិបាលប្រទេសវេណេស៊ុយអេឡា តែងតែចោទប្រកាន់តួអង្គជនបរទេស ជាពិសេសសហរដ្ឋអាមេរិក ពីបទប៉ុនប៉ងធ្វើឲ្យអន្តរាយដល់ស្ថិរភាពនយោបាយរបស់ខ្លួន តាមរយៈមធ្យោបាយសម្ងាត់។