សេចក្តីសម្រេចរបស់តុលាការដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (២៣ តុលា) បានបង្ហាញថា ក្រុមចៅក្រមនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានទម្លាក់ចោលនូវសេចក្ដីជំទាស់យុត្តាធិការរបស់តុលាការនេះលើសំណុំរឿងប្រឆាំងនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ហើយបាននិយាយថា សំណុំរឿងរបស់លោក Duterte អាចដំណើរការទៅមុខបាន។

គួរឱ្យដឹងថា លោក Duterte ដែលកាន់តំណែងពីឆ្នាំ២០១៦-២០២២ ត្រូវបានចាប់ខ្លួន និងនាំទៅកាន់ទីក្រុងឡាអេ កាលពីខែមីនាកន្លងទៅ តាមដីកាចាប់ខ្លួនរបស់ ICC ដែលចោទថា លោកពាក់ព័ន្ធនឹងឃាតកម្មកំឡុងសង្គ្រាមគ្រឿងញៀនរបស់លោកនៅហ្វីលីពីន ជាទីដែលអ្នកជាប់សង្ស័យថាជួញដូរ និងប្រើប្រាស់គ្រឿងញៀនរាប់ពាន់នាក់ ត្រូវបានសម្លាប់។
លោក Duterte និងក្រុមមេធាវី បាននិយាយថា ការចាប់ខ្លួនរបស់លោកជារឿងខុសច្បាប់ ហើយក៏បានដាក់សេចក្ដីជំទាស់ទៅនឹងយុត្តាធិការរបស់តុលាការនេះ ដោយផ្អែកលើមូលដ្ឋានថា ការស៊ើបអង្កេតពេញលេញរបស់ ICC លើឧក្រិដ្ឋកម្មនៅហ្វីលីពីន បានបើកក្រោយពេលដែលប្រទេសនេះដកខ្លួនចេញពីសមាជិក ICC ក្នុងឆ្នាំ២០១៩ ប៉ុណ្ណោះ។

សេចក្ដីសម្រេចរបស់តុលាការ ច្រានចោលសេចក្ដីជំទាស់នេះ ហើយអះអាងថា ការដកខ្លួនចេញពី ICC មិនប៉ះពាល់ដល់សំណុំរឿង "ដែលកំពុងស្ថិតក្រោមការពិចារណារបស់តុលាការ" រួចទៅហើយនោះទេ។ សេចក្តីសម្រេចថ្ងៃព្រហស្បតិ៍នេះ មិនបានសម្រេចលើញត្តិផ្សេងទៀតដែលទាមទារឱ្យបញ្ឈប់សំណុំរឿងលោក Duterte ឡើយ។ ញត្តិជាច្រើនបានដាក់ទៅកាន់ ICC ដោយឈរលើមូលដ្ឋានថា បុរសវ័យ ៨០ឆ្នាំរូបនេះ មិនសមនឹងទទួលការកាត់ក្តីទេ ព្រោះបញ្ញាស្មារតីលោកចុះខ្សោយ ដោយសារវ័យចំណាស់៕