ប្រទេសប៉ាគីស្ថាន បានហាមឃាត់គណបក្សអ៊ីស្លាមនិយមជាលើកទីពីរក្នុងរយៈពេល៤ឆ្នាំមកនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា មួយសប្តាហ៍បន្ទាប់ពីមនុស្ស៥នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងសមាជិកនិងនគរបាល។

អ្នកគាំទ្រគណបក្ស Tehreek-e-Labbaik Pakistan (TLP) បានចេញធ្វើបាតុកម្មតាមដងផ្លូវដើម្បីតវ៉ាប្រឆាំងអ៊ីស្រាអែល មុនពេលការប្រកាសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump អំពីកិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសប៉ាគីស្ថាន បានអនុម័ត ការហាមឃាត់នេះជាឯកច្ឆ័ន។ សេចក្តីថ្លែងការនិយាយបន្ថែមថា «គណបក្ស Tehreek-e-Labbaik Pakistan (TLP) មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្ម និងអំពើហិង្សា»។
ក្រុមនេះ បាននិយាយថា ខ្លួនបានច្រានចោលការហាមឃាត់នេះដោយចាត់ទុកថា វា «ផ្ទុយពីរដ្ឋធម្មនុញ្ញ ជាការសងសឹក ខុសច្បាប់ និងផ្តាច់ការ» ។