ក្រចេះ៖ មន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញដល់អ្នកជាពីជំងឺកូវីដ-១៩ ធ្លាប់ចាក់ដូសទី២ ឫទី៣ គឺអាចចាក់ដូសជំរុញបាន ក្នុងរយៈពេល៤ខែឡើង បន្ទាប់ពីពួកគាត់ជាពីជំងឺកូវីដ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ រួមជាមួយក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី៨ ខែកុម្ភៈនេះ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋនៅមណ្ឌលសុខភាពមួយចំនួន ស្ថិតនៅខេត្តក្រចេះ។
បន្ទាប់ពីបញ្ចាប់ការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន និងឯកឧត្តមអភិបាលខេត្ត បានបន្តពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ នឹងដំណើរការចាក់វ៉ាក់សាំងកូវីដ ជាពិសេសការជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញទី៣។ ការពិភាក្សានេះ ធ្វើនៅសាលាខេត្តក្រចេះ ដែលមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។
នៅក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត បានណែនាំដល់អាជ្ញាធរនៅខេត្តក្រចេះ សហការជាមួយមន្រ្តីសុខាភិបាល ដើម្បីជំរុញដល់ពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងកូវីដ ជាពិសេសដូសជំរុស ដើម្បីបង្កើនអង់ទីគ័រ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។ ក្រៅពីនេះលោកជំទាវ បានលើកថា អ្នកជាពីជំងឺកូវីដ-១៩ ដែលធ្លាប់ចាក់វ៉ាក់សាំងដូសទី២ ឫទី៣ អាចទៅចាក់វ៉ាក់សាំងដូសជំរុញ បានក្នុងរយៈពេល៤ឡើង គិតរាប់ចាប់ពីពេលពួកគាត់ជាពីជំងឺកូវីដ-១៩។
បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងបានជាង ៤៣លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីមិត្តចិន ជំនួយពីយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។
សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងកូវីដ អាចទៅទទួលការចាក់វ៉ាក់សាំងបានចាប់ពីដូសទី១ ដល់ទី៤ នៅមន្ទីរសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ដោយភ្ជាប់ទៅជាមួយកាត់ចាក់វ៉ាក់សាំង អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗ មួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ





