ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ថា សព្វាវុធ «រយៈចម្ងាយឆ្ងាយ» ដែលផលិតក្នុងស្រុករបស់អ៊ុយក្រែន អាចបាញ់បានដល់ ៣.០០០ គីឡូម៉ែត្រ ដោយលោកពុំបានបញ្ជាក់ថាតើលោកចង់និយាយសំដៅពីមីស៊ីលរយៈចម្ងាយឆ្ងាយ ឬយ៉ាងណា។

លោក Zelenskyy បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Brussels ថា «យើងកំពុងប្រើប្រាស់សមត្ថភាពដែលផលិតដោយអ៊ុយក្រែនមានរយៈចម្ងាយឆ្ងាយ អាចបាញ់បានចាប់ពី១៥០ គីឡូម៉ែត្រទៅ៣.០០០គីឡូម៉ែត្រ ហើយទាំងអស់នេះគឺជាសមត្ថភាពថ្មីបំផុតរបស់រដ្ឋយើង»។

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី បានធ្វើឡើងខណៈមេដឹកនាំសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល ដែលគ្រោងនឹងព្រមព្រៀងជាគោលការណ៍ដើម្បីផ្តល់ហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែនសម្រាប់រយៈពេលពីរឆ្នាំខាងមុខ ទោះបីជាមានការគំរាមកំហែងពីប្រទេសបែលហ្ស៊ិកដើម្បីរារាំងផែនការរបស់ខ្លួនក្នុងការប្រើប្រាស់ទ្រព្យបង្កករបស់រុស្ស៊ីដើម្បីជួយដល់ទីក្រុងគីវ ក៏ដោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Zelenskyy ជាភ្ញៀវនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប បាននិយាយថា អ៊ុយក្រែនត្រូវការមូលនិធិពីទ្រព្យបង្កករបស់រុស្ស៊ីនៅដើមឆ្នាំក្រោយ។
លោកបាននិយាយថា ការដោះដូរដីជាមួយរុស្ស៊ីគឺ «មិនអាចទទួលយកបានទេ» ហើយបាននិយាយឡើងវិញនូវជំហររបស់លោកថា បទឈប់បាញ់គួរតែធ្វើមុនការចរចាណាមួយស្តីពីដំណោះស្រាយដ៏មានសក្តានុពល ដើម្បីបញ្ចប់សង្រ្គាម។