ភ្នំពេញ ៖ នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ចើញជួបសំណេះសំណាលជាមួយក្រុមការងារ និងតួសម្តែងខ្សែភាពយន្តរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ។ នេះជាការជួបសំណេះសំណាលលើទី២ បន្ទាប់ពីការ ប្រារព្ធពិធីក្រុងពាលី និងជួបសំណេះសំណាល កាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១ កន្លងទៅ ដើម្បីធ្វើ ការបញ្ជាក់ដោយបំពេញបន្ថែមអំពីខ្លឹមសារ និងទិដ្ឋភាពទាំងឡាយនៃទំនាក់ទំនងក្នុងផ្ទៃរឿងនេះ ទាំងមូល។
ខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលគ្រោងផលិតភាពជាយន្តភាគ ចំនួន៤៤ភាគ ត្រូវបានពង្រីកនូវសេណារីយូបន្ថែម ដោយកើនឡើងដល់ ៥២ភាគ ដោយសារ ត្រូវបញ្ជូលនូវតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមខ្លះទៀត ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឲ្យអត្ថបទភាព យន្តនេះកាន់តែមានខ្លឹមសារជាងមុន។ នេះបើតាមការបញ្ជាក់ពីលោក ហ៊ុយ វាសនា អ្នកដឹកនាំ រឿង និងជាអនុប្រធានគណៈកម្មការផលិត។ ភាពយឺតយ៉ាវនៃការថត ដែលគ្រោងអនុវត្តក្នុងខែមករា ដោយសា ទី១ បណ្តាមកពីបញ្ហាជំងឺកូវីដ១៩ និងទី២ គឺពាក់ព័ន្ធទៅនិងតួអង្គប្រវត្តិសាស្រ្តខ្លះ ដែលត្រូវបំពេញបន្ថែម និងសម្ភារៈមួយចំនួនត្រូវស្វែងរក។
លោក ហ៊ុយ វាសនា បានបញ្ជាក់ថា ការងារផលិតថតភាពយន្តភាគ នឹងចាប់ផ្តើមដំណើរការរបស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២តទៅ ដោយក្រុមការងារ និងសិល្បៈករ សិល្បៈការិនីទាំងអស់ បានរួមគំនិតគ្នា ជាធ្លុងមួយ ដើម្បីផលិតខ្សែភាពយន្តភាគប្រវត្តិសាស្រ្តមួយនេះ គោរពជូនសម្តេចទាំងទ្វេឲ្យបានសម្រេចជោគជ័យ ១០០ភាគរយ។
ថ្លែងទៅកាន់ក្រុមការងារ និងតួសំដែងទាំងអស់ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យខិតខំស្វែង យល់ សិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជំរៅ ទាក់ទិនទៅនឹងអ្វីដែលកើតមាននៅក្នុងដំណើររឿងដែលជា ប្រវត្តិសាស្រ្ត និងជីវិតពិតរបស់សម្តេច ដោយត្រូវច្បាស់លាស់ទាំងស្ថានភាពជាក់ស្តែង ក្នុងដំណាក់ កាលនីមូយៗ រួមទាំងពេលវេលា ទីកន្លែង និងពិសេសផ្អែកលើភស្តុតាងជាក់ស្តែងមួយចំនួន ។
សម្តេចតេជោ ហ៊ុន សែន បានយកឪកាសនេះ រម្លឹកនូវប្រវត្តិពិត និងចំនុចសំខាន់ៗនៃដំណើរជីវិត ដែលសម្តេចបានឆ្លងកាត់ចាប់ពីក្មេងវ័យ រហូតដល់យុវវ័យ និងរៀបរាប់ពីអ្វីដែលសម្តេចទាំងទ្វេ បាន ហែលឆ្លងជាមួយនឹងដំណើរដ៏សែនកម្សត់វេទនា ខ្លោចផ្សារ ស្ទើរពិពណ៌នាពុំបាន ដើម្បីឲ្យអ្នកដឹកនាំ និងតួអង្គនីមួយៗបានយល់ដឹងបន្ថែម ហើយរៀបចំបានល្អត្រឹមត្រូវទៅតាមបច្ចេកទេសថត និង សម្តែង។
នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរដល់ក្រុមការងារ ក៏ដូចជាតួសំដែងសិល្បៈករ សិល្បៈការនីទាំងអស់ ទទួលបានជោគជ័យក្នុងការថតខ្សែភាពយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចប់សព្វគ្រប់ទៅតាមពេលវេលាដែលបានគ្រោងទុក។
សូមបញ្ជាក់ថា ៖ ចំពោះការចំណាយលើការផលិត ខ្សែភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី នេះ គឺបានទទួលនូវការឧបត្ថម្ភថវិកាពីបណ្តាសប្បុរសជននានា ដែលបង្ហាញនូវ ការតបស្នងចំពោះគុណតម្លៃដ៏ធំធេងពុំអាចកាត់ថ្លៃបាន ក្នុងអតីតកាល នោះគឺការហ៊ានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រមទាំងស្នាដៃ និងការខិតខំប្រឹងប្រែងក្នុងការដឹកនាំប្រទេសឈានមក រកការរីកចំរើននាពេលបច្ចុប្បន្ន។ ចំណែកសម្ភារៈបច្ចេកទេសបម្រើដល់ការផលិតគឺ ឧបត្ថម្ភគាំទ្រ ដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ខណៈ ដែលភាពយន្តខ្នាតធំមួយនេះក៏នឹងត្រូវចាក់ ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍បាយ័ន បន្ទាប់ពីបញ្ចប់ ការផលិតរួចរាល់ជាស្ថាពរ៕អត្ថបទ ៖ រក្សា







