មន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលថៃ បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃសុក្រ ទី២៤ ខែតុលា នេះថា កាលបរិច្ឆេទដែលទំនងជាទៅរួច សម្រាប់ការបោះឆ្នោតសកលក្នុងប្រទេសថៃ គឺនៅថ្ងៃទី២៩ ខែមីនា ឆ្នាំក្រោយនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានពិភាក្សាអំពីបញ្ហានេះជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេស។
នាយករដ្ឋមន្ត្រីថៃរូបនេះ ធ្លាប់និយាយថា លោកគ្រោងនឹងរំលាយសភានៅចុងខែមករា ឆ្នាំ២០២៦ ហើយការបោះឆ្នោតសកលនឹងធ្វើឡើងនៅខែមីនា ឬដើមខែមេសា។

លោក Paradorn Prissananantakul រដ្ឋមន្ត្រីមួយរូបនៅការិយាល័យនាយករដ្ឋមន្ត្រីថៃ បាននិយាយថា៖ រដ្ឋាភិបាល និងគណៈកម្មាធិការរៀបចំការបោះឆ្នោតបានពិភាក្សាគ្នាអំពីពេលវេលាសម្រាប់រៀបចំការបោះឆ្នោត ហើយកាលបរិច្ឆេទដែលទំនងជាទៅរួចបំផុតនោះគឺថ្ងៃទី២៩ ខែមីនា។
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ មិនទាន់កំណត់កាលបរិច្ឆេទផ្លូវការនៅឡើយទេ ប៉ុន្តែប្រធានរបស់ខ្លួនឈ្មោះ Ittiporn Boonpracong បាននិយាយថា ព័ត៌មានលម្អិតនឹងត្រូវរៀបចំឡើង។
គួរបញ្ជាក់ថា លោក Anutin បានឈ្នះការបោះឆ្នោតសភានៅដើមខែកញ្ញា ឆ្នាំ២០២៥នេះ ក្លាយជានាយករដ្ឋមន្ត្រីទីបីរបស់ថៃ គិតតាំងពីខែសីហា ឆ្នាំ២០២៣មក បន្ទាប់ពីបានដកគណបក្សភូមិចៃថៃ របស់លោក ចេញពីក្រុមចម្រុះដែលកំពុងកាន់អំណាច ដឹកនាំដោយគណបក្សភឿថៃ។ ដើម្បីឈ្នះអំណាច លោក Anutin ធានាបានការគាំទ្រពីក្រុមប្រឆាំងធំជាងគេក្នុងសភា គឺគណបក្សប្រជាជនរបស់ថៃ ប៉ុន្តែលោកត្រូវរៀបចំបោះឆ្នោតក្នុងពេល ៤ខែ បន្ទាប់ពីការចូលកាន់តំណែង៕
